(មែលប៊ន)៖ ការប្រកួតកីឡាប្រណាំងរថយន្ត Formula 1 ត្រូវបានប្រកាសថានឹងបន្តការប្រកួតនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលីរហូតដល់ឆ្នាំ២០២៥ ដែលទីតាំងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៥។ នេះបើតាមការចេញផ្សាយដោយ formula1 នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

សម្រាប់ការព្រមព្រៀងនេះបានធ្វើឡើងនាពេលថ្មីៗនេះនាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចំពោះព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ដែលមានឈ្មោះថា Australian Grand Prix ដោយបានដាក់ឲ្យប្រកួតនៅទីលាន Albert Park នាទីក្រុង Melbourne ប្រទេសអូស្រ្តាលី ដែលពានរង្វាន់ខាកលើបានបង្តើតឡើងតាំងពីឆ្នាំ ១៩៨៥។

លោក Chase Carey ដែលជាប្រធាននាយកប្រតិបត្តិ Formula 1 បានលើកឡើងថា «យើងពិតជាមានការរីករាយណាស់ដែលបានបន្តការប្រណាំងនៅទីលាន Albert Park នាទីក្រុង Melbourne រហូតដល់ឆ្នាំ២០២៥ ដែលទីកន្លែងល្អមួយសម្រាប់ការប្រណាំងរថយន្តកម្រិតពិភពលោកមួយនេះ»

គួរបញ្ជាក់ផងថា សម្រាប់ការប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ Australian Grand Prix នឹងចាប់ផ្តើមការប្រណាំងពីថ្ងៃទី ១២ដល់១៥ ខែមិនា ឆ្នាំ២០២០ ក៏ជាការប្រណាំងប្រារព្ធខួបលើកទី ៧០និងជាលើកទី ២៥ក្នុងការឈានមកកាន់ទីលាន Albert Park សារជាថ្មីដោយមានឈ្មោះថា Formula 1 Rolex Australian Grand Prix 2020៕