(ភ្នំពេញ)៖ ជាការពិតមួយរយៈចុងក្រោយមកនេះ ទំនាក់ទំនងរវាងតារាចម្រៀងប្រុសវ័យក្មេង ម្ចាស់បទ «គ្រាស្នេហ៍» ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រីសិចស៊ី ដួង ម៉ានិច ហាក់ត្រូវបានមហាជនចាប់អារម្មណ៍ យ៉ាងខ្លាំង រហូតគ្រប់គ្នាគិតថា មិត្តភាពរបស់ពួកគេទាងពីរ អាចឈានដល់ចំណុចបង្កាត់ភ្លើងស្នេហ៍ក៏មាន។ បើទោះបីជា តារាប្រុសស្រីទាំងពីរ មានវ័យខុសគ្នាដាច់ស្រឡះ ប្រៀបបានទៅនឹងមីងក្មួយក៏ពិតមែន តែសភាពខាងក្រៅ គឺពិតជាស័ក្តសមជាគូស្នេហ៍នឹងគ្នាយ៉ាងខ្លាំង។ ដោយមានចម្ងល់ច្រើនពីចំណងមិត្តភាព របស់អ្នកទាំងពីរបែបនេះហើយ ថៃ អតិជាតិបុត្រ នឹងមកជម្រះមន្ទិលសង្ស័យរបស់ទស្សនិកជន តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការពិត ទោះខ្លួនជាតារាប្រុសវ័យក្មេងក៏ពិតមែន តែ ថៃ អតិជាតិបុត្រ បានវិវត្តន៍ខ្លួនគួរឲ្យកត់សម្គាល់ក្នុង ពិភពសិល្បៈ ដោយទទួលបាននូវប្រជាប្រិយភាព មានទស្សនិកជនគាំទ្រច្រើន មិនចាញ់តារារាមច្បងឡើយ។ ក្នុងនោះស្នាដៃចម្រៀង Original របស់លោកគឺ បទ «គ្រាស្នេហ៍» មានការនិយមស្តាប់ពីសំណាក់មិត្តយុវវ័យ និងទស្សិកជនគ្រប់ស្រទាប់វណ្ណៈ ជាមួយនឹងទឹកដមស្រទន់ ពិរោះរណ្តំ។ មកទល់នឹងបច្ចុប្បន្ន ក៏ស្រាប់តែតារាវ័យក្មេងរូបនេះ បង្វែរទៅបង្កើតទំនាក់ទំនងជិតស្និតជាមួយតារាស្រី ដួង ម៉ានិច តាមរយៈការបង្ហោះរូបភាព និងវីដេអូជាមួយគ្នា យ៉ាងផ្អែមល្ហែមប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង។

យ៉ាងណាមិញ រាល់ចម្ងល់ទាំងនេះ ព្រមទាំងការងារសិល្បៈផ្ទាល់ខ្លួនវិវត្តន៍ដល់ចំណុចណានោះ ថៃ អតិជាតិបុត្រ និងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីឲ្យទស្សនិកជនបានជ្រាប់កាន់តែច្បាស់។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នឹងធ្វើការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕