(ភ្នំពេញ)៖ ទស្សនិកជនបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវដែលកក្រើកពេញបណ្ដាញសង្គម កាលពីមួយរយៈមុន ទាក់ទងទៅនឹងតារាចម្រៀងប្រុស លោក បញ្ញា សិទ្ធ ត្រូវបានសោនក្លឹប បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក សូមឲ្យលោកចូលខ្លួនមកដោះស្រាយចំពោះបំណុល ដែលបានជំពាក់សោនក្លឹប ក្នុងអំឡុងពេលបំពេញការងារនៅទីនោះ។ យ៉ាងណាមិញ ថ្មីៗនេះ លោក បញ្ញាសិទ្ធ ក៏បានចូលបំភ្លឺនូវបញ្ហាទាំងនេះ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News ប៉ុន្តែជុំវិញការបកស្រាយរបស់លោក ត្រូវមានភាគីសោនក្លឹប ដែលមានលោក ឧកញ៉ា ឌួង ឆាយ ជាម្ចាស់ មិនយល់ព្រមនោះទេ ដោយប្រកាន់ថា ការបកស្រាយរបស់ លោក​ បញ្ញា សិទ្ធ មិនពិត ហើយស្នើរឲ្យតារាប្រុសរូបនេះ ចេញមុខមកសុំទោសក្រុមហ៊ុន បើពុំដូច្នេះទេ នឹងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់។

ជាក់ស្តែង ក្នុងផេកផ្លូវការរបស់ សោនក្លឹប បានបង្ហោះវីដេអូលោក បញ្ញាសិទ្ធ ចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដោយភ្ជាប់នូវសារយ៉ាងដូច្នេះថា «SOUND CLUB សូមបកស្រាយពីបុគ្គលឈ្មោះ កា បញ្ញាសិទ្ធ ដែលបានបកស្រាយក្នុងសារព័ត៌មាន​ TV Fresh New នៅថ្ងៃទី ០៦/០៧/២០១៩។ ដែលបុគ្គលការ បញ្ញាសិទ្ធិ​និយាយបែរជាយកគុណសងទោសទៅវិញ ដោយមិនបានដឹងគុណ ដែលក្លឹបបានជួយឲ្យធ្វើការតាំងពីដើម រហូតដល់ចប់ ហើយបុគ្គលនេះនិយាយរមើលគុណលុយ ដែលក្រុមហ៊ុនបានជួយដូចជាចំនួនតិចណាស់ ភ្លេចពេលខ្លួនទឹកភ្នែកបានលុយនឹងហើយជួយអ្នកដោះទុក។

ជាដើមហេតុ បុគ្គលឈ្មោះកា បញ្ញាសិទ្ធិ​ បានធ្វើកាឲ្យ SOUND CLUB​ អស់រយះពេលជាងមួយឆ្នាំ ដោយបុគ្គល កា​ បញ្ញាសិទ្ធិ​ បានខ្ចីលុយពីក្រុមហ៊ុនជារៀងរាល់ខែ ដើម្បីយកទៅព្យាបាលជំងឺម្តាយ និងសងទៅឲ្យអ្នកចងកាប្រាក់ជារៀងរាល់ខែ។
ដោយនៅថ្ងៃទី ២៦/០៣/២០១៨ អ្នកចងការប្រាក់របស់បុគ្គលឈ្មោះកា បញ្ញាសិទ្ធិ​បានមកទារប្រាក់ពីបុគ្គល បញ្ញាសិទ្ធិ​ ជំពាក់ដល់សោនក្លឹបដោយបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ​ គ្មានប្រាក់ និងការប្រាក់សងគេ ក៏មានការយំទួញសោកបោកខ្លួន នៅក្នុងក្លឹបដោយឃើញដូចច្នេះ ក្រុមហ៊ុនសោនក្លឹបក៏មានក្តីអាណិតមេត្តា ក៏បានឲ្យប្រាក់ខ្ចីសងគេ កា បញ្ញាសិទ្ធិ ដោយសារមានក្តីមេត្តាអាណិតអាសូរ របស់ក្រុមហ៊ុនក៏បានបន្ថែមប្រាក់ឲ្យខ្ចីបន្ថែម ២០០០$ ជាង សរុបទាំងប្រាក់ជំពាក់ចាស់និងថ្មីជិត ៤០០០$​ ដោយគ្មានយកការប្រាក់ពីបុគ្គលឈ្មោះ ការ​ បញ្ញាសិទ្ធិ​ សូម្បីតែមួយសេនរយះពេលជាង ១ឆ្នាំ។

បន្ទាប់ពីធ្វើការបានមួយរយះលោក កា បញ្ញាសិទ្ធ ​ក៏បានធ្វើការសុំលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីការលាឈប់របស់ កា បញ្ញាសិទ្ធ ក្រុមហ៊ុនក៏បានឲ្យធ្វើកិច្ចសន្យាជាមួយ កា បញ្ញាសិទ្ធ នៅពេលដែលលោកបានលាឈប់ថ្ងៃ ០៥.០១.២០១៩ ពីសោនក្លឹប គឺតម្រូវឲ្យសងប្រាក់ដែលនៅសល់ចំនួន ២,៧១៥$​ ពីសោនក្លឹបក្នុងរយៈពេល ៣ខែ តាមកិច្ចសន្យា ដោយលោក កា បញ្ញាសិទ្ធិ​ ក៏បានព្រមព្រៀងគ្នាតាមកិច្ចសន្យា។ ប៉ុន្តែនៅពេលលោក កា​ បញ្ញាសិទ្ធ ​សងប្រាក់គឺលោកពុំបានធ្វើតាមកិច្ចសន្យានោះទេ។ ដោយក្នុងរយៈពេល ៥ខែគឺលោក កា បញ្ញាសិទ្ធិ​គាត់បានសងលុយ បានត្រឹមតែ ៥០០$ ប៉ុណ្ណោះ នៅខែ ០៥/២០១៩ មកឲ្យសោនក្លឹប។

ក្រោយមកខាងក្រុមហ៊ុនក៏បានទំនាក់ទំនងទៅបុគ្គលឈ្មោះ កា​ បញ្ញាសិទ្ធ ម្តងហើយម្តងទៀត ដើម្បីទាក់ទងឲ្យមកដោះស្រាយលុយ ក្រុមហ៊ុនដែលជំពាក់នៅសល់ដោយជាក់ស្ដែងបុគ្គលឈ្មោះ កា​ បញ្ញាសិទ្ធិ មិនបានឆ្លើយតបនឹងកុហកថ្ងៃនេះថ្ងៃនោះ និយាយទៅគឺចំពាក់លុយក្រុមហ៊ុនទេ តែធ្វើចរិកមិនថ្លៃថ្នូរ ដល់ពេលសងលុយគេចវេស ហើយមិនប្រាប់ឲ្យក្រុមហ៊ុន ដឹងពីដំណឹងរបស់លោកជាច្រើនដង ទើបក្រុមហ៊ុនបានបង្ហោះតាមបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុក ដើម្បីឲ្យបុគ្គលឈ្មោះ កា ​បញ្ញាសិទ្ធិ ចូលមកដោះស្រាយ។ បន្ទាប់ពីបង្ហោះបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុករួចមក លោកបាន ឆ្លើយតបមកក្រុមហ៊ុនដោយទុកពេលរយៈពេលឲ្យលោកមួយសប្តាហ៍ទៀត ដើម្បីមកដោះស្រាយហើយក្រុមហ៊ុនក៏យល់ព្រម បន្ទាប់ពីរយៈពេលមួយសប្តាហ៍មកលោក​ កា​ បញ្ញាសិទ្ធិ ក៏បានសងប្រាក់ ដើម្បីបញ្ចប់កាជំពាក់។

ដោយជាក់ស្តែង ក្រុមហ៊ុន បានឃើញការឡាយវីដេអូរបស់លោក កា បញ្ញាសិទ្ធ នៅថ្ងៃទី០៦ ខែ០៧ ឆ្នាំ២០១៩ នៅក្នុងTV Fresh New ខុសពីការពិតនឹងកិច្ចសន្យា ដោយលោកបាននិយាយថា ក្រុមហ៊ុនពុំបានប្រាប់ឲ្យលោកបានដឹងជាមុន ទើបក្រុមហ៊ុនសុំបកស្រាយឲ្យយល់ច្បាស់ពីបុគ្គល ឈ្មោះ កា បញ្ញាសិទ្ធ​ជាមនុស្សមិនដឹងគុណ ដែលក្រុមហ៊ុនបានជួយពីមុនមក បែរជា​យកទោសមកសងគុណទៅវិញ ដោយសារបុគ្គលនេះមិនព្រមនិយាយចំរឿងការពិតទេ បែរជាយករឿងដែលបានដោះស្រាយយូរខែហើយមកបកស្រាយគ្មានការពិតបំភ្លើសក្រុមហ៊ុនអាក្រក់ យកខ្លួនឯងល្អ ដូច្នេះ​ក្រុមហ៊ុនសុំបកស្រាយឲ្យស្គាល់ពីបុគ្គលឈ្មោះ កា បញ្ញសិទ្ធ​ ឲ្យបងប្អូនជ្រាបច្បាស់​ ហើយបើបុគ្គលនេះ បើមិនធ្វើការបកស្រាយការពិត និងសូមទោសដល់ក្រុមហ៊ុនទេ ខាងក្រុមហ៊ុននិងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ សូមអគុណ»។

គួរជម្រាបថា ថ្មីៗនេះ លោក បញ្ញាសិទ្ធ ត្រូវបានអញ្ជើញឲ្យចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំកក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News ដើម្បីឲ្យលោកជម្រះមន្ទិលរបស់ទស្សនិកជន ពាក់ព័ន្ទនឹងបញ្ហាជំពាក់លុយសោនក្លឹប ហើយតាមរយៈនេះ លោកក៏បានបំភ្លឺរឿងទាំងនោះដោយផ្ទាល់មាត់ផងដែរ។ យ៉ាងណាមិញ ចំពោះសារប្រតិកម្មរបស់សោនក្លឹបខាងលើនេះ យើងមិនទាន់ឃើញតារាប្រុស លោក បញ្ញា សិទ្ធ ចេញមុខមកឆ្លើយតបនៅឡើយទេ ថាលោកនឹងត្រូវដោះស្រាយបែបណាបន្តទៀត ជាមួយសោនក្លឹបនោះ។