(ក្រុងតូរីន)៖ កីឡាករខ្សែការពារ Matthijs de Ligt បានធ្វើដំណើរមកដល់ទីក្រុង Turin ប្រទេសអ៊ីតាលីជាផ្លូវការហើយ ដើម្បីចុះកិច្ចសន្យាថ្មីលេងឲ្យក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួនប្រមាណ ៦៧.៥លានផោន ស្មើនឹង ៨៤លានដុល្លារ សហរដ្ឋអាមេរិក ក្រោយផ្ទេរចេញពីក្លឹបស្រុកកំណើត Ajax។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ខ្សែការពារសញ្ជាតិហូឡង់ ដែលមានវ័យត្រឹមតែ ១៩ឆ្នាំ De Ligt បានធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនមកចុះចតនៅព្រលានដែលស្ថិតក្នុងទីក្រុងតូរីន ជាទីនៃក្លឹបជើងឯកអ៊ីតាលី Serie A តាំងនៅ ក្រោយពីច្រានចោលសំណើរបស់ក្លឹបយក្ស Manchester United, FC Barcelona និង Paris Saint-Germain រួចមក។

ក្រោយចុះពីលើយន្តហោះភ្លាម De Ligt បានថ្លែងថា «ខ្ញុំរីករាយ ក្នុងការរស់នៅទីនេះ»។

Matthijs de Ligt ជាយុវជនថ្នាលក្នុងក្លឹប Ajax តាំងពីរូបគេទើបមានអាយុត្រឹម ៩ឆ្នាំប៉ុណ្ណោះ និងត្រូវបានកោះហៅចូល ឈុតធំក្នុងឆ្នាំ២០១៦ រហូតចូលលេងបាន ៧៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៨គ្រាប់ផងដែរ ជាពិសេសរកបានគ្រាប់ ជ័យជម្នះ ២-១ ទៅលើ Juventus ក្នុងការនាំ Ajax ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលមុនផងដែរ។

De Ligt ក៏ជាសមាជិកសំខាន់ ១រូបដែលបានជួយឲ្យ Ajax ឈ្នះពាន២ នារដូវកាលមុនផងដែររួមមានលីគកំពូលហូឡង់ Eredivisie និង Dutch Cup ថែមទៀតផងជាមួយដៃគូ De Jong ដែលបានចាកចេញទៅចូលរួមជាមួយ FC Barcelona ផងនោះ៕