(សេអ៊ូល)៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រឡងបវរកញ្ញាឯក Miss Korea 2019 ត្រូវបានធ្វើឡើង ក្នុងកម្មវិធី «Sexy Hanbok» ​ដោយបេក្ខជនប្រឡង​ត្រូវស្លៀកសម្លៀកបំពាក់ឈុតហាន់ប៊ុក (Hanbok)​​ ដែលជាការច្នៃម៉ូដបញ្ចូលគ្នា រវាងតាមប្រពៃណី និងម៉ូដសិចស៊ី។

ស្របពេលជាមួយគ្នានេះផងដែរ ក្នុងកម្មវិធីដែលគេតម្រូវឲ្យស្លៀកសម្លៀកបំពាក់ប្រភេទនេះ ក៏ទទួលបានការរិះគន់យ៉ាងខ្លាំង ខណៈដែលមហាជនកូរ៉េ ជាច្រើន បានអះអាងថា ការច្នៃសម្លៀកបំពាក់Hanbok ទាំងនោះ មិនគោរពដល់ភាពស្រស់ស្អាត និងភាពសមសួន នៃឈុតប្រពៃណីកូរ៉េ Hanbok។

ឆ្លើយតមទៅនឹងប្រតិកម្មរបស់មហាជនកូរ៉េ គណៈកម្មាធិការប្រឡងបវរកញ្ញា បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយ ដោយពន្យល់ថា ឈុត Hanbok ទាំងនេះ ត្រូវបានបង្កើតឡើងដោយអតីតបេក្ខនារីកូរ៉េនៅឆ្នាំ ២០១៨ ហើយគេបង្កើតឡើង​ដោយមានការសហការជាមួយក្រុមហ៊ុនសម្លៀកបំពាក់ហានប៊ុក (Hanbok)។

គណៈកម្មការប្រឡងបវរកញ្ញាកូរ៉េ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «ពួកយើងចង់បកស្រាយពីពាក្យចចាមអារ៉ាម ដែលការពិតទាក់ទងនឹងសំលៀកបំពាក់ ដែលក្លាយជាបញ្ហាមួយ អំឡុងកម្មវិធី Miss Korea នៅឆ្នាំនេះ។ ឈុត Hanbok សម័យលាយបុរាណ មិនតម្រូវឲ្យបេក្ខនារីកូរ៉េឆ្នាំ២០១៩ ស្លៀកនោះទេ ប៉ុន្តែអ្នកចូលរួម​ប្រកួតចំនួន ០៧រូប កាលពីចុងឆ្នាំ២០១៨ ក្នុងកម្មវិធីបវរកញ្ញា Miss Korea ឆ្នាំ២០១៨ ពួកគេបានពាក់វា អំឡុងពេលហាត់សម សម្រាប់ការប្រឡងនៅឆ្នាំនេះ»

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា «លើសពីនេះទៀត ពាក្យជំទាល់ដែលថាយើងបានរៀបចំឲ្យពួកគេស្លៀកឈុត Hanbok បុរាណលាយសិចស៊ីនោះ ជំនួស​ឲ្យការប្រកួតប្រឡង ឈុតហែលទឹក គឺខុសគ្នាទាំងស្រុងពីការពិត។ សំលៀកបំពាក់ទាំងនោះគឺជាការងារសហការគ្នារវាង បវរកញ្ញាប្រឡងកាលឆ្នាំមុនប្រចាំឆ្នាំ ជាមួយនឹង Kim Ye Jin Hanbok ដែលជាក្រុមហ៊ុនតែមួយ ដែលបានបង្កើត Hanbok សម្រាប់អតីតប្រធានាធិបតីកូរ៉េខាងជើង គីម ដេជុង (Kim Dae Joong) និងអតីតប្រធានាធិបតីអាមេរិក លោកប៊ីលគ្លីនតុន ( Bill Clinton)។ ពួកគេបានប្តេជ្ញាថា នឹងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនាពេលអនាគត ហើយបានស្នើសុំប្រព័ន្ធផ្សព្វផ្សាយឲ្យបញ្ឈប់ការផ្សព្វផ្សាយ នូវពាក្យចចាមអារ៉ាមមិនពិតបន្ថែមទៀត»

សូមបញ្ជាក់ថា ឈុត Hanbok គឺជាសំលៀកបំពាក់ប្រពៃណីរបស់កូរ៉េ សម្រាប់សំលៀកបំពាក់ពាក់កណ្តាលផ្លូវការ ឬជាផ្លូវការ ដែលពាក់នៅក្នុងពិធីប្រពៃណី រួមទាំង​អាពាហ៍ពិពាហ៍ ការប្រារព្ធពិធី និងពិធីបុណ្យផ្សេងៗផងដែរ៕