(ភ្នំពេញ)៖ លោក Oriol Mohedano គ្រូបង្គោលក្លឹបអង្គរថាយហ្គឺរ បានបង្ហាញការសាទរចំពោះក្លឹបបាល់ទាត់ខេត្តកំពង់ចាមដែលមានភាពរីកចម្រើនជាងមុន ក្នុងការប្រកួតក្របខណ្ឌលីគ កំពូលកម្ពុជា ឆ្នាំ២០១៩ ជុំទី២ បន្ទាប់ពីផ្លាស់ប្ដូរសមាសភាពមួយចំនួន ជាពិសេសការបន្ថែមកូនក្រុមបរទេស និងខ្មែរ-បារាំង។

អតីតគ្រូបង្គោលក្លឹបភ្នំពេញក្រោនរូបនេះបានរៀបរាប់ថា «កំពង់ចាមបច្ចុប្បន្ន ជាក្រុមដ៏តឹងជាងមុន ដោយមិនមែនចេះតែរបូតគ្រាប់បាល់ទៀតទេ។ ប្រសិនបើពួកគេលេងដូចរបៀបនេះគ្រប់ការប្រកួត វាក៏ជារឿងដ៏រីករាយមួយសម្រាប់ខ្ញុំដែរ ហើយខ្ញុំមើលឃើញថា ពួកគេលេងគ្រាន់បើ ហើយក៏មានជំនឿថា ឈ្នះក្រុមខ្ញុំទៀត។ នេះជាអ្វីដែលខ្ញុំចង់ឃើញគ្រប់ការប្រកួត»

គួរដឹងបន្ថែមទៀតថា ក្នុងជំនួបសប្ដាហ៍ទី១៥ កាលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ក្រុមម្ចាស់ផ្ទះមានមូលដ្ឋាននៅខេត្តសៀមរាប ឈ្នះត្រឹម ៤ទល់នឹង០ ប៉ុណ្ណោះ ខុសឆ្ងាយពីជុំទីមួយនៅទីលានវិទ្យាល័យហ៊ុនសែនមេមត់ដែលរកបានដល់ទៅ០ទល់នឹង១១។ បុរសជនជាតិអេស្ប៉ាញយល់ឃើញថា ប្រសិនបើកំពង់ចាមលេងដូចកាលថ្ងៃអាទិត្យ ក្រុមផ្សេងៗមិនងាយរកគ្រាប់បានច្រើនដូចមុនឡើយ។

សូមបញ្ជាក់ផងថា លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការក្លឹបកំពង់ចាមសង្កត់ធ្ងន់ថា ការរីកចម្រើនជាងមុននៅក្របខណ្ឌលីគកំពូល ដោយសារការរួមចំណែកពីសមាជិកថ្មី ហើយកីឡាករក្នុងក្លឹបក៏កាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីជួយក្រុមឲ្យកាន់តែរឹងមាំបន្ថែមទៀតដែរ៕