(ភ្នំពេញ)៖ មានសិល្បករ-សិល្បការិនី ជាច្រើនកុះការបានបង្ហាញវត្តមាន ក្នុងកម្មវិធីមង្គលការរបស់ប្អូនស្រីម្ចាស់ ហាងលក់សម្លៀកបំពាក់ «Mr.Man» ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយ។ ជាមួយគ្នានេះ មហាជនសង្កេតឃើញថា ភ្ញៀវកិក្តិយសម្នាក់ៗ បានតុបតែងកាយយ៉ាងស្រស់ស្អាត ព្រមទាំងបង្ហាញភាពស្និតស្នាល និងបានញ៉ាំងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ តាមរយៈថតរូបទុកជាអនុស្សាវរីយ៍។

យ៉ាងណាមិញ ក្រោយពីថ្ងៃពិសេសរបស់ប្អូនស្រីបានបញ្ចប់ទៅ ដោយភាពសប្បាយរីករាយនោះ ម្ចាស់ហាង «Mr.Man» លោក ម៉ៅ ប៊ុនរតនា បានបង្ហើរនូវសារថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស និងមិត្តៗ ដែលបានចូលរួមយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះទ្រង់ឯកឧត្តមលោកជំទាវ អ្នកឧកញ្ញ៉ា បងប្អូនមិត្តភ័ក្រសិល្បករ-លិល្បការនីទាំងអស់ ដែលបានអញ្ចើញចូលរួមផ្ដល់ជាកិត្តិយស ក្នុងពិធីមង្គលការប្អូនស្រីរបស់ខ្ញុំយប់មិញ ប្រសិនមានកង្វះខ្វះខាតត្រង់ចំនុចណាមួយ ខ្ញុំបាទសូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងផងដែរ ខ្ញុំបាទមានតែម្រាមដៃដប់អរគុណអរគុណចំពោះទឹកចិត្តនឹងការរាប់អានធំៗ ជាចុងក្រោយសូមជូនពរអោយអ្នកទាំងគ្នាជួបតែសេចក្ដីសុខទាំងប្រាំប្រការ»

គួរជម្រាបថា ភ្ញៀវកិត្តិយសដែលបានចូលរួម ក្រៅពីអ្នកជំនួញ និងសាច់ញាតិបងប្អូនទាំងសងខាង គឺមានសិល្បករ-សិល្បការិនីដូចជា៖ លោក ករុណាពេជ្រ, លោក ម៉ៃ សុគន្ធ, លោក ញ៉ែម សុគន្ធ, កញ្ញា ខ្លឹម ស្រីគា, លោក វង់ ថាណាន់, ពិធីករប្រុសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក ម៉ឺន ឯកសុភារិទ្ធ និងសិល្បករជាច្រើនរូបទៀតផងដែរ៕