(ភ្នំពេញ)៖ ជារឿងមួយគួរជាទីមោទន ដែលវិចិត្រករ​ខ្មែរ លោក ថៃ នរៈបណ្ឌិត ហៅ បេននី ជាកូនប្រុសបង្កើតរបស់លោក ថៃ នរៈសត្យា​ មានស្នាដៃពិសេស ក្នុងការគូរគំនូរ ដោយទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម រហូតមានការកោតសរសើរពីក្រុមការងារ និងគ្រួសាររបស់ តារាបរទេសដ៏ល្បី ប៊ីយុនសេ ថែមទៀត។ ដោយសារស្នាដៃគូររូប ប៊ីយុនសេ បានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យលោក ថៃ នរៈបណ្ឌិត កាន់តែមានឈ្មោះល្បី និងត្រូវបានគេស្គាល់ច្រើន ទាំងក្នុង និងក្រៅប្រទេស ផ្នែកវិចិត្រកម្មនេះ និងត្រូវបានក្រុមការងាររបស់ ប៊ីយុនសេ ផ្តល់ឱកាសឲ្យលោកសហការការងារជាមួយទៀតផង។ បេននី ផ្ទាល់ក៏នឹកស្មានមិនដល់នោះដែរ ថាស្នាដៃខ្លួនទទួលបានការចាប់អារម្មណ៍បែបនេះ ដោយលោកអះអាងថា ដំបូងឡើយគ្រាន់តែគូររូបបុគ្គលដែលលោកស្រឡាញ់ ហើយបង្ហោះក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ ហើយក៏ចេះតែមានការស៊ែរតៗគ្នា រហូតចាប់អារម្មណ៍ពីភាគីម្ចាស់រូបតែម្តង។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ ជាមួយក្រុមការងារ លោក ថៃ នរៈបណ្ឌិត ហៅ បេននី​ បានឲ្យដឹងថា​ បើនិយាយពីការគូររូបរបស់ ប៊ីយុនសេ គឺមិនមែនលើកទី១នោះទេ ពោលគឺបានគូរច្រើនរូបមកហើយ ហើយក៏ចេះតែព្យាយាមបង្ហោះ និង Tag ឲ្យប៊ីយុនសេ និងក្រុមគ្រួសារបស់ ប៊ីយុនសេ ដើម្បីឲ្យបានឃើញស្នាដៃគំនូររបស់លោក។ ក្រោយមកក៏ អ្នក​តុបតែង​កាយ​ផ្ទាល់ខ្លួន, អ្នក​ជំនាញ​រៀបចំ​ម៉ូដ ឬ​ស្ទីល និង​​ម្តាយបង្កើត​របស់តារាចម្រៀងស្រី អាមេរិក ប៊ីយុនសេ​ បានឃើញស្នាដៃលោក ព្រមទាំងលើកនូវការកោតសរសើរផងដែរ។ លោកបន្តថា ក្នុងចំណោមនោះ មានអ្នក Make up ផ្ទាល់របស់ ប៊ីយុនសេ ចង់សហការការងារជាមួយ ក្នុងគម្រោងមួយនៅប៉ុន្មានខែខាងមុននេះ ហើយលោក ក៏យល់ព្រមទទួល ព្រោះគិតថា នេះជាឱកាសការងារដ៏ពិសេស និងជាការបើកឱកាសឲ្យខ្លួនឯងផងដែរ។

វិចិត្រករដៃឯក សាច់ដុំធំៗ លោក បេននី បានបន្តថា ក្នុងអាជីពជាអ្នកគូររូបនេះ ពីដំបូងឡើយលោកមិនទាន់គូររូបមនុស្សទេ គឺគូររូបតុក្តាតា ខណៈចាប់ផ្តើមគូររូបមនុស្ស គឺគូរប៊ីយុនសេ ដំបូងតែម្តង។ លោកថា ដំបូងឡើយ ចាប់ផ្តើមគូរ ដោយប្រើខ្មៅដៃនិងសៀវភៅ តែក្រោយមកក៏ចេះតែអភិវឌ្ឍន៍ស្នាដៃខ្លួនឯងឲ្យកាន់តែល្អ និងប្តូរទៅគូរបែបឌីជីថលតែម្តង។ ក្នុងនោះមានគំនូរគ្រប់ប្រភេទ ដែលលោកបានគូរ ពោលគឺទាំងគំនូរប្រេង និងគំនូរប្រភេទផ្សេងទៀត ដើម្បីឲ្យដឹងគ្រប់សព្វបែបយ៉ាងនៃគំនូរ។ ការសិក្សារដោយគ្មានគ្រូបង្ហាត់បង្រៀននេះទៀតសោត បេបនី បានខិតខំសិក្សារស្រាវជ្រាវដោយខ្លួនឯង តាមរយៈការយក YouTube ជាគ្រូបង្រៀន និងគំនិតច្នៃប្រឌិត ការចូលចិត្ត ទេពកោសល្យខ្លួន​ឯងសុទ្ធសាធ។

លោកថា ក្នុងការគូរដោយប្រើខ្មៅដៃសៀវភៅ និងគូរបែបឌីជីថល គឺមានភាពលំបាកដូចគ្នា តែមុននឹងឈានទៅដល់ឌីជីថល គឺត្រូវមានមូលដ្ឋានគ្រិះ ដឹងពីតិចនិក តាមរយៈឆ្លងកាត់ការគូរ ដោយប្រើខ្មៅដៃជាមុនសិន។ គ្រាន់តែថា គូរបែបឌីជីថល គឺសន្សំពេលវេលាបានច្រើន និងមានជម្រើសច្រើនសម្រាប់ជ្រើសរើស ដូចជាពណ៌ និងស្ទិលផ្សេងៗទៀតជាដើម។

តាមរយៈទេពកោសល្យផ្នែកគូរគំនូរនេះ លោក បេននី បានបញ្ជាក់ថា អាចរកចំនូលបាន ខ្ទង់ពាន់ឯណោះក្នុងមួយខែ ដោយក្នុងនោះ​លោកថា ប្រភេទ​គំនូរដែលគូរឲ្យ​លំអិត ដូចមុខមនុស្សតែម្តង គឺ​អាច​លក់​បាន​តម្លៃ​ចន្លោះ​ពី ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ​ក្នុង​ ១ ​ផ្ទាំង​ ចំពោះគំនូរដែលមានរូបមុខមនុស្សម្នាក់ តែបើមានមុខមនុស្ស២នាក់ គឺគិតតម្លៃបូកបន្ថែម។ ​ខណៈ​គំនូរប្រេង​វិញ​មាន​តម្លៃ​នៅ​ចន្លោះ​ពី ១០០ ​ដុល្លារ​ឡើង​ដល់​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ ​គឺ​អាស្រ័យលើ​ការ​កុម្ម៉ង់ របស់អតិថិជន​។

តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ Fresh News នេះផងដែរ លោក ថៃ នរៈបណ្ឌិត ហៅ បេននី បានសំណូមពរឲ្យបងប្អូនខ្មែរ ជួយគាំទ្រស្នាដៃរបស់លោក ដើម្បីលើកទឹកចិត្តរូបលោក ឲ្យមានកំលាំងចិត្តក្នុងការគូរបន្ថែមទៀត។ ជាពិសេសនោះ គឺលោកចង់ឲ្យវិស័យសិល្បៈគំនូរខ្មែរ មានការរីកចម្រើន និងដើម្បីឲ្យជាតិសាសន៍ដទៃដឹងថា កូនខ្មែរក៏មានស្នាដៃក្នុងការគូរគំនូរបានយ៉ាងល្អផងដែរ៕