(ភ្នំពេញ)៖ ពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំនៅកម្ពុជា Keller Williams Cambodia League រដូវកាលទី៨ ឆ្នាំ២០១៩ បានបញ្ចប់ និងរកឃើញក្រុមជើងឯកហើយ ។ ពិធីបិទការប្រកួត បានធ្វើឡើងលើទីលាន KMH Park កាលពីល្ងាចមិញ ក្រោមវត្តមានលោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate រួមទាំងលោកបណ្ឌិត ភូ សម្បត្តិ នាយកប្រតិបត្តិ KW Cambodia ផងដែរ ។

បន្ទាប់ពីចំណាយពេលប្រកួតយ៉ាងស្វិតស្វាញជិត ៥ខែ ក្រុម ISI United បានក្លាយជាម្ចាស់ពានធំ ឬពាន KW Cambodia League សម្រាប់ការចូលរួមលើកដំបូង បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ១៥សប្ដាហ៍រកបាន ៤៣ពិន្ទុច្រើនជាងគេ ។ រីឯក្រុម Avatar បានលើកពានតូច ឬពាន KW Cambodia Cup ក្រោយទទួលបានជ័យជម្នះជាបន្ដបន្ទាប់ក្នុងវគ្គខ្វែង រវាងក្រុមលេខ២ ដល់លេខ៥ ខណៈចុងក្រោយ យកឈ្នះក្រុម Bayon Wanderers ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចមិញ ។

លោកបណ្ឌិត គីម ហ៊ាង បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតប្រជែងឆ្នាំនេះ ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយប្ដូរឈ្មោះពីពានរង្វាន់ Khmer Real Estate មកជាពានរង្វាន់ KW Cambodia League ពោលគឺកើនឡើងទាំងសមត្ថភាពក្រុមចូលរួម និងការវិនិច្ឆ័យរបស់អាជ្ញាកណ្ដាល ។ ដោយហេតុនេះ លោកក៏បានសម្រេចប្រកាសនូវដំណឹងល្អមួយ ដោយលោកនឹងដំឡើងប្រាក់រង្វាន់ជ័យលាភីរហូតដល់ ១ម៉ឺនដុល្លារឯណោះ សម្រាប់ក្រុមជើងឯក នារដូវកាលថ្មី ឆ្នាំ២០២០ ខាងមុខ ។

ស្ថាបនិកពានដ៏ចាស់វស្សាមួយនេះ បានបញ្ជាក់ថា «រដូវកាលឆ្នាំ២០២០ ដែលយើងគ្រោងធ្វើនាខែកុម្ភៈ យើងនឹងបង្កើនប្រាក់រង្វាន់រហូតដល់ ១ម៉ឺនដុល្លារតែម្ដង ។ ប៉ុន្ដែយើងមិនបង្កើនចំនួនក្រុមចូលរួមនោះទេ គ្រាន់តែទាមទារក្រុមចុះឈ្មោះ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការប្រកួតប្រជែងពានរង្វាន់មានទឹកប្រាក់ ១ម៉ឺនដុល្លារនេះ ។ ដូច្នេះយើងរំពឹងថា រដូវកាលថ្មី ការប្រកួតប្រជែងនឹងកាន់តែជក់ចិត្ត និងល្អមើលថែមទៀត ពិសេសដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ»

ចំពោះរង្វាន់ជ័យលាភីឆ្នាំនេះវិញ រួមមានក្រុមជើងឯកពាន KW Cambodia League 2019 គឺក្រុម ISI ទទួលបាន ២៤លានរៀល ខណៈក្រុមជើងឯកពាន KW Cambodia Cup គឺក្រុម Avatar ទទួលបាន ១២លានរៀល ។ ឯក្រុមជើងឯករងពានតូច Bayon Wanderers ទទួលបាន ៨លានរៀល និងក្រុមលេខ៣ ស្ទួន មានក្រុម Khmer United-A និងក្រុម Riel PP ទទួលបានមួយក្រុម ៦លានរៀល ។ ចំណែកពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ គឺកីឡាករ ប្លេសស៊ីង របស់ ISI ខណៈពានអ្នកចាំទីល្អជាងគេ បានទៅកីឡាករ Dave Miaguire របស់ Riell PP ទទួលបាន ១លានរៀលដូចគ្នា និងពាន Fair-Play បានទៅក្រុម Khmer United-A ទទួលបាន ២លានរៀល៕