(បរទេស)៖ តារាសម្ដែងចំនួន ០៦ រូប ដែលបានដើរតួសម្ដែងក្នុងខ្សែស្រឡាយ «Marvel Cinematic Universe» ត្រូវបានជាប់ឈ្មោះក្នុងបញ្ជី អាចរកចំណូល​បានច្រើនជាងគេទាំង១០០ នាក់​ នៅលើពិភពលោក​ គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងទៅតាមទស្សនាវដ្ដី Forbes ឆ្នាំ២០១៩ ចេញផ្សាយកាលពីពេលថ្មីៗនេះ ដែលដកស្រង់ដោយព័ត៌មាន Businessinsider នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩។ តួសម្ដែងទាំងអស់នោះរួមមាន៖

១. Paul Rudd (សម្ដែងជាតួ​ Ant-Man) អាចរកចំណូលបាន ៤១ លានដុល្លារ
ឈរនៅលំដាប់លេខ ៨៣ ក្នុងបញ្ជីតារារកចំណូល​បានច្រើនជាងគេទាំង១០០នាក់។ Rudd អាចរកបានចំណូលពី​ខ្សែភាពយន្ត «Ant-Man And The Wasp» និងនៅឆ្នាំនេះ «Avengers: Endgame»។ នេះបើយោងទៅតាម Forbes។

២. Chris Evans (សម្ដែងជាតួ Captain America) អាចរកចំណូល ៤៣.៥ លានដុល្លារ
ឈរនៅលំដាប់លេខ ៧៣ ក្នុងបញ្ជីតារារកចំណូល​បានច្រើនជាងគេទាំង១០០នាក់។ Chris Evans អាចរកបាន​១លានដុល្លារ សម្រាប់ការលេង​ខ្សែភាពយន្តលើកដំបូងរបស់ខ្លួន ដែលសម្ដែងជាតួ Captain America ក្នុងរឿង «Captain America: The First Avengers» អំឡុងឆ្នាំ ២០១១។ ប៉ុន្តែ Chris Evans បានកើនឡើង ១៥​លានដុល្លារនៅវគ្គបន្ទាប់។

៣. Scarlett Johansson (សម្ដែងជាតួ Black Widow) អាចរកចំណូល​៥៦ លានដុល្លារ
ឈរលេខ​៤៧ នៅក្នុងបញ្ជី Forbes។ Scarlett Johansson អាចរកបាន ១៥​ លានដុល្លារអាមេរិក ពីការថតភាពយន្ត «Avengers»។ ទោះបីជានៅក្នុងខ្សែភាពយន្ត «Avengers: Endgame» តម្រូវឲ្យ Black Widow បាត់បង់ជីវិតដោយសារតែទៅយកត្បូង នៅវគ្គចុងក្រោយក៏ដោយ ​ប៉ុន្តែ Scarlett Johansson នៅតែ​សម្ដែងជាតួអង្គនេះ មិនទាន់ចប់នៅឡើយទេ​ ហើយបច្ចុប្បន្ន នាងកំពុងតែដំណើរការថតរឿងទោល នៃតួអង្គ «Black Widow» ដែលជួយឲ្យតារារូបនេះ រកចំណូលបន្ថែមបាន ១៥លានដុល្លារទៀត។

៤. Bradley Cooper (សម្ដែងជាតួ Rocket) អាចរកចំណូលបាន ៥៧ លានដុល្លារអាមេរិក
ឈរលេខ ៤៣ ក្នុងបញ្ជី Forbes។ ទាំងថតរឿង «A Star Is Born» និង «Avengers: Endgame» ផងនោះ ធ្វើឲ្យ Bradley Cooper មានចំណូលច្រើន។ លោកអាចទទួលបានមួយភាគលាភពី «A Star Is Born» ដែលបានដើរជាតួអង្គសំខាន់ផង ជាអ្នកសរសេររឿង ជាអ្នកដឹកនាំរឿង និងជាអ្នកផលិតរឿង រួមជាមួយនឹង​ «Endgame» ដែលជាខ្សែភាពយន្ត រកចំណូលបានច្រើនជាងគេ​ លំដាប់ទី២ លើពិភពលោក បន្ទាប់ពីរឿង «Avatar»ដែលឈរលំដាប់លេខ១។

៥. Robert Downey Jr (សម្ដែងជាតួ Iron Man) អាចរកចំណូលបាន ៦៦លានដុល្លារអាមេរិក
ឈរលេខ ៣១ ក្នុងបញ្ជី Forbes។ លោកគឺជាអ្នកចាប់ផ្ដើមដំបូងក្នុងរឿងខ្សែស្រឡាយ «Marvel Cinematic Universe» Robert Downey Jr អាចទទួលបាន​តម្លៃខ្លួនខ្ពស់ជាងគេបំផុត ក្នុង MCU។

៦. Chris Hemsworth (សម្ដែងជាតួអង្គ Thor) អាចរកចំណូលបាន ៧៨.៤ លានដុល្លារ
ឈរលេខ ២៤ ក្នុងបញ្ជី Forbes។ ទោះបីជា Robert Downey Jr អាចទទួលបានចំណូលច្រើនគេក្នុងស្រឡាយរឿង MCU ប៉ុន្តែ Chris Hemsworth ឈរនៅលេខ​រៀងខ្ពស់ជាងគេ ក្នុងបញ្ជី Forbes។ លោកអាចទទួលបានចំណូលមួយផ្នែក ពី​ភាពយន្ត «Endgame»។ នៅឆ្នាំនេះ លោកក៏ចាប់ផ្ដើម «Men in Black: International» ដែលចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ៕