(ភ្នំពេញ)៖​ ក្លឹបបាល់ទាត់វិសាខា បានបើកយុទ្ធនាការធ្វើតេស្ដយុវជនអាយុក្រោម ១៥ឆ្នាំ ដើម្បីបង្កើកក្រុមថ្នាល U-15 ហើយ។ នេះបើតាមការបញ្ជាល់លើ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកំពុងឈរលេខរៀងទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ការធ្វើតេស្ដនេះធ្វើឡើង បន្ទាប់ពីក្លឹបបានចម្រាញ់យុវជនឆ្នើមៗបានប្រមាណ ៧០នាក់ ពីការរៀបចំពានរង្វាន់ G-PARK Youth Cup U-15 លើកទី១ ដោយមាន ១០ខេត្តចូលរួម កាលពីពេលថ្មីៗ។ ដូច្នេះការធ្វើតេស្ដនេះ អនុញ្ញាឲ្យយុវជនបានចូលរួមប្រកួតពានរង្វាន់ខាងលើចូលរួមប៉ុណ្ណោះ គ្រាដែលតាមគម្រោងនឹងចម្រាញ់យក ២៣នាក់ ដើម្បីបង្កើតជាក្រុម U-15 របស់ក្លឹប។

ក្លឹបដ៏មានសក្ដានុពលមួយនេះ បានបញ្ជាក់ថា «វិសាខាបានចាប់ផ្ដើមធ្វើតេស្ដជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៥ឆ្នាំ ដើម្បីបង្កើតក្រុមយុវជន ១កម្រិតទៀតហើយ ដោយមានយុវជនជាង ៧០នាក់ចូលរួម។ ការធ្វើតេស្ដនេះ នឹងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ហើយធ្វើតែម្ដងប៉ុណ្ណោះ ដើម្បីចម្រាញ់យកកីឡាករឆ្នើម ២៣នាក់ បង្កើតជាក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ តែម្ដង»

បញ្ជាក់ថា ការធ្វើតេស្ដនេះ នឹងធ្វើតែមួយដំណាក់កាលប៉ុណ្ណោះ បន្ទាប់មកក្លឹបនឹងសម្រេចយកកីឡាករមានសមត្ថភាពលេចធ្លោរចំនួន ២៣នាក់ជាផ្លូវការតែម្ដង ក្នុងនោះមានកីឡាករ ២០នាក់ និងអ្នកចាំទី ៣នាក់៕