(ភ្នំពេញ)៖ ជាការកត់សម្គាល់មួយរយៈនេះ មហាជនមួយចំនួនបានបង្ហាញនូវការមិនពេញចិត្តជាបន្តបន្ទាប់ ចំពោះការសម្តែងធម៌ទេសនាលើកដំបូងរបស់ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី (អតីតតារាកំប្លែង) ព្រោះតែប្រកាន់ថា ព្រះតេជគុណមិនគោរពច្បាប់ជាសង្ឃ ទេសនាលេងសើចហួសហេតុជាដើម។ យ៉ាងណាមិញ ក្រោយពីមានការមិនពេញចិត្ត និងឃើញមតិរិះគន់ជាច្រើន បានចាក់ស្រោចមកលើខ្លួនព្រះអង្គបែបនេះ ព្រះតេជគុណ តាក់ស៊ី ក៏បានធ្វើកិច្ចសន្យាឈប់សម្ដែងធម៌ទេសនាមួយរយៈ នៅចំពោះមុខព្រះមេគុណខេត្តកំពង់ស្ពឺ កែវ ចន្ថា។

​នៅក្នុងកិច្ចសន្យា​ មានខ្លឹមសារសង្ខេបយ៉ាងដូច្នេះថា «ព្រះតេជគុណ តាក់ស៊ី ឈប់ទេសនាមួយរយៈ, ឈប់សម្តែងទេសនា ដែលមានកាយវិកាមិនសមជាសមណៈ ឬសំឡេងដូចអ្នកកំប្លែង រហូតដល់ព្រះតេជគុណ បួសបានយូរគួរសម និងរៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន។ ប្រសិនបើព្រះតេជគុណ តាក់ស៊ី ប្រព្រឹត្តផ្ទុយ នឹងធ្វើអំពើប្រាសចាកពីវិន័យសមណៈសង្ឃ ឬមិនធ្វើតាមកិច្ចសន្យាខាងលើ ព្រះតេជគុណ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន»

គួរជម្រាបថា កិច្ចសន្យាខាងលើ ត្រូវបានធ្វើឡើងដោយមានការទទួលស្គាល់ ចំពោះព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺផងដែរ។ តាមរយៈកិច្ច​សន្យានេះ ក៏សង្ឃឹមថា ពុទ្ធបរិស័ទនឹងមានការអធ្យាស្រ័យ យោគយល់ខ្ពស់ចំពោះព្រះតេជគុណ តាក់ស៊ី ជាមិនខាន៕