(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមទី៣ និងទី៤ ដែលបន្ដដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បន្ទាប់ពីបន្ដទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតកាត់សេចក្ដីជើងទី២ម្សិលមិញនេះ។

សម្រាប់ក្រុមភ្នំពេញក្រោន បានលត់ខេត្តកំពង់ចាម ១៤-០ នៅកីឡដ្ឋានស្ដាតចាស់ ហើយសរុបទាំង ២ជើង អតីតក្រុមជើងឯងឆ្នាំ២០០៨-២០០៩ នេះ បានបំបាក់ក្រុមចំណូលថ្មី ២៤-០ ឯណោះ។ លើសពីនេះ ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះទាំងអស់ មាន ១១គ្រាប់រកបានដោយកីឡាករ វ៉ា ខ្វិនទីន ម្នាក់ឯង ដែលនាំឲ្យរូបគេ ឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) បណ្ដោះអាសន្នទៀតផង។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមជម្រើសខេត្តត្បូងឃ្មុំ ៣-១ ក្នុងជើងទី២ នៅកីឡដ្ឋាន AEU Sport ហើយសរុបលទ្ធផល ២ជើង ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានលត់ក្រុមទើបគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០១៩ ដោយលទ្ធផល ៧-១។ តែយ៉ាងណា ត្បូងឃ្មុំ ហាក់ធ្វើបានល្អប្រសើរជាង បើធៀបជាមួយខេត្តកំពង់ចាម ដែលជាក្រុមសមាជិកលីគកំពូលកម្ពុជា។

ដូច្នេះជាបណ្ដោះអាសន្ន ពេលនេះបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ បានរកឃើញ ៤ក្រុមហើយ ក្រៅពីក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង គឺមានក្រុមបឹងកេត និងអង្គរថាយហ្គឺរ ដែលបានទម្លាក់គូប្រជែងរៀងៗខ្លួន កាលពីពេលថ្មីៗ។ ចំណែក ៤ក្រុមទៀត ត្រូវរង់ចាំការប្រកួតជើងទី២ នាថ្ងៃទី១៧-១៨ ខែកក្កដាខាងមុខ។ បន្ទាប់ពីរកឃើញក្រុមខ្លាំង ៨ក្រុម គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួតវគ្គបន្ដទៀត៕

Advertising