(ភ្នំពេញ)៖ ដើម្បីជាផ្នែកមួយចូលរួមការពារ និងអភិរក្សវប្បធម៌ជាតិ ព្រមទាំងដើម្បីបណ្តុះស្មារតីយុវជនជំនាន់ក្រោយ ឲ្យស្រឡាញ់សិល្បៈបុរាណខ្មែរ សាលាមធ្យមវិចិត្រសិល្បៈ បានបង្កើតកម្មវិធីមួយ ដោយមានការសម្តែង​នូវ​ទស្សនីយភាព របាំ ប្រពៃណីខ្មែរជាច្រើនទម្រង់ ដែលជាការសម្តែងដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈផ្ទាល់តែម្តង។ កម្មវិធីនេះផងដែរ គឺអនុញ្ញាតិឲ្យសាធារណៈជន ចូលទស្សនាដោយសេរី។

ជាក់ស្តែង បើតាមផេកផ្លូវការរបស់ សាលាមធ្យមវិចិត្រសិល្បៈ បានឲ្យដឹងថា កម្មវិធីនេះ មានការសម្តែង​សិល្បៈ​ទស្សនីយភាព របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមាន​តាំងពិព័រណ៍ស្នាដៃ​ផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ ថ្ងៃទី៨-៩-១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យម​វិចិត្រសិល្បៈ បឹងបាយ៉ាប។

ដូច្នេះ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាអភិរក្សសិល្បៈបុរាណខ្មែរ សូមសាធារណៈជនចូលរួមទស្សនាឲ្យបានច្រើនកុះករ។ ទីតាំងសាលាមធ្យម​វិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកាំកូ ចម្ងាយ២៤០០ម៉ែត្រ)៕