(ភ្នំពេញ)៖ នៅសល់រយៈពេលតែ ១០ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ជំនួបរវាងជើងខ្លាំង Manny Pacquiao វ៉ៃដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក WBA ពីជើងខ្លាំងអាមេរិក Keith Thurman នឹងចាប់ផ្តើមហើយនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុងល្បែង Las Vegas សហរដ្ឋអាមេរិក។

ប្រភពព័ត៌មានពីគេហទំព័រ Boxingnews24 បានចេញផ្សាយថា កីឡាករដែលមានរហស្សនាម «Pac Man» នឹងទទួលបានតម្លៃខ្លួន ២០លានដុល្លារ (មិនគិតលទ្ធផលឈ្នះ-ចាញ់) ពីជំនួបលើកទី១ ទល់នឹង Thurman ដូចគ្នាកាលសមាជិកសភាហ្វីលីពីនរូបនេះយកឈ្នះកីឡាករអាមេរិក Adrien Broner កាលពីខែមករាដើមឆ្នាំនេះដែរ ខណៈតម្លៃខ្លួនកីឡាករវ័យ៣០ឆ្នាំ Thurman រហស្សនាម «One Time» មិនត្រូវបានបង្ហើបឲ្យដឹងឡើយ។

Pacquiao ជាកីឡាករហ្វីលីពីនទី១ ដែល Thurman ជួបក្រោយឆ្លងកាត់ប្រកួតបាន ២៩ដង មិនដែលចាញ់ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ដងក្នុងរយៈពេល ១២ឆ្នាំមកនេះ។

មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូកាកូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង៕