(ភ្នំពេញ)៖ ទស្សនិជនបានជ្រាបហើយថា បន្ទាប់ពីរៀបការរួច នាយ ចយ និងភរិយាដ៏ស្រស់សោភា បានកសាងសុភមង្គលយ៉ាងខ្លាំង ក្នុងក្រុមគ្រួសារ។ កាន់តែពិសេសថែមទៀតនោះ បច្ចុប្បន្នភរិយារបស់តារាកំប្លែងរូបនេះកំពុងត្រៀមខ្លួនសម្រាលកូនប្រុសដំបូងរបស់ខ្លួន ខណៈទស្សនិកជនក៏កំពុងអន្ទះសារ ចង់ឃើញមុខកូនប្រុសដំបូងរបស់គូស្វាមីភរិយាទាំងពីរ។

ពិតណាស់ បន្ទាប់ពីរៀបការរយៈពេល១ឆ្នាំជាងមក ពេលនេះត្រូវបានមហាជនសង្កេតឃើញថា នាយ ចយ កំពុងមមាញឹកខ្លាំង ក្នុងការប្រកបរបរចិញ្ចឹមគ្រួសារ ព្រោះនៅថ្ងៃខាងមុខដ៏ខ្លី នាយនឹងក្លាយឪពុករបស់គេហើយ។ ងាកមកភរិយាវិញ ថ្មីៗនេះនាងបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គម ពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នាជាមួយនឹងឈុតក្បិនបុរាណខ្មែរ បង្ហាញពីផ្ទៃពោះដែលនឹងជិតដល់ពេលសម្រាលនោះ ដើម្បីទុកជាអនុស្សាវរីយជាមួយនឹងទឹករំភើបសប្បាយរីករាយ ក្នុងការត្រៀមរង់ចាំវត្តមានរបស់កូនប្រុសរបស់ពួកគេ។

បើតាមប្រភពបានឲ្យដឹងថា នាង ប៉ិច ក្វាន់​ឌី ភរិយា​តារា​កំប្លែង នាយ​ច​យ ​នឹង​សម្រាលកូនដំបូង នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។ ទោះបីដឹងថាកូនដំបូងរបស់អ្នក​ទាំង​ពីរ គឺជាកូនប្រុស ក៏ពិតមែន តែពួកគេមិនទាន់រកនឹកឈ្មោះដាក់ឲ្យកូននៅឡើយទេ។ប្រភពបន្តថា ជុំ​វិញ​រឿង​កូន​ចៅ​នេះ ក្វាន់ឌី បញ្ជាក់​ថា យកកូនតែម្នាក់ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ គឺ​នាង​នៅ​ចង់​បាន​ថែម​ទៀត។ ដូច្នេះ​ហើយ នាង​បាន​ដាក់​កំហិត​នាយ ចយ ថា ត្រូវ​ប្រឹង​បន្ថែម​ទៀត។ បន្ទាប់​ពី​នោះ​មក នាង​នឹង​ពិចារណា​ថា​គួរ​បញ្ឈប់​ត្រឹម​ហ្នឹង​តែ​ម្ដង ឬ​យក​ទៀត។

គួរជម្រាបថា នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់​ឌី បាន​រៀប​មង្គល​ការ​ជាមួយ​គ្នា កាល​ពី​​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨។ អាពាហ៍ពិពាហ៍​របស់អ្នកទាំងពីរ ត្រូវ​បាន​គេ​ដឹង​ថា សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា បាន​ចងដៃ​ដល់​ទៅ ១​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ហើយក៏មានការចូលរួមជាពិសេស ពីសំណាក់​កូន​ប្រុស​បង្កើត​​របស់សម្តេច គឺ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានីផងដែរ៕