(ភ្នំពេញ)៖ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ បានយកឈ្នះ ១-០ ទៅលើយុវជនសាលាបាល់ទាត់ជាតិបាទី U18 ក្នុង សប្ដាហ៍ទី១៤ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដាសប្តាហ៍មុន នៅទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

គ្រាប់ជ័យជម្នះនោះ រកបានដោយកីឡាករខ្សែបម្រើប្រយុទ្ធជនជាតិជប៉ុន Reiya Konishita ក្នុងនាទី៨៣ ដោយការតែត ក្រោយបាល់ត្រូវបានលើកចេញពីជ្រុងខាងស្ដាំដោយមិត្តរួមក្រុម ណុប ច័ន្ទបូរ៉ារស្មី ដែលប្ដូរចូលជំនួស Coulibaly ក្នុងវគ្គទី១។

ភាពខុសគ្នានៃលទ្ធផលនេះ លោក Ekapob Potisai គ្រូបង្វឹកគិរីវង្សបានពន្យល់ថា «សម្រាប់ការប្រកួតលើកនេះ កីឡាកររបស់យើងលេងមិនបានល្អដូចការរំពឹងទុកឡើយ ដោយសារយើងទើបតែលេងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ កីឡាករខ្មែរសំខាន់ៗមានបញ្ហារបួស ហើយកម្លាំងរបស់ពួកយើងមិនពេញលេញទេ។ ស្របពេលអាកាសធាតុថ្ងៃនេះក្ដៅខ្លាំងផង កាន់តែធ្វើឱ្យរាងកាយរបស់កីឡាករលេងមិនពេញ ១០០% ដោយបម្លាស់ទីមិនបានល្អទៀតផង»

ជ័យជម្នះនេះជាការបន្តធ្វើបានល្អពីសំណាក់ក្រុមបង្វឹកដោយគ្រូជនជាតិថៃ Ekapob Potisai បន្ទាប់ពីពួកគេបានឈ្នះ ណាហ្គាវើល ២-០ ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាលឆ្នាំ២០១៩ កាលពីថ្ងៃពុធពាក់កណ្ដាលសប្ដាហ៍មុន។

បើយើងប្រៀបធៀបនឹងជើងទី១ កាលពីថ្ងៃបើករដូវកាល លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិរីវង់សុខសែនជ័យ លើកនេះឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី យ៉ាងលំបាកលំបិន ដ្បិតជើងទី១ ពួកគេបានឈ្នះដល់ទៅ៤-១។

គ្រូបង្វឹកក្លឹបលីគកំពូលឡាវ Sovan United បន្តថា «តែម្យ៉ាងទៀត ដោយសារយុវជនបាទីឥឡូវរីកចម្រើនជាងមុនខ្លាំង ពួកគេធ្វើចលនាបម្លាស់ទីច្រើន បញ្ជូនបាល់បានល្អ លេងបានល្អ។ កាលពីជើងទី១ យើងឈ្នះច្រើនគ្រាប់ ដោយសារយើងរកគ្រាប់ដំបូងបានលឿន បង្កភាពងាយស្រួលដល់យើងក្នុងការរកគ្រាប់បន្ថែម។ តែពេលនេះ យុវជនបាទីរីកចម្រើនច្រើន ពួកគេលេងបានល្អ»

គួរបញ្ជាក់ផងថា នេះក៏ជាជ័យជម្នះទី៥ របស់គីរីវង់សុខសែនជ័យនៃខេត្តតាកែវ ក្នុងចំណោម១៤ប្រកួតក្នុងក្របខណ្ឌ លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះ៕