(ភ្នំពេញ)៖ ក្រុមហ៊ុន នភាល័យ ធ្វើពិធីសំពះគ្រូរបាំ គ្រូល្ខោន និងពិធីក្រុងពាលី សម្រាប់ការចាប់ផ្តើមនៃការរៀបចំកម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» ក្នុងន័យលើកកម្ពស់ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ នៅថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៩ ក្នុងបុរីជីប ម៉ុងលែន ជាមួយនឹងវត្តមានលោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិល្បករខ្មែរទាំងជំនាន់មុន និងជំនាន់ក្រោយជាច្រើននាក់។

កម្មវិធីក្រុងពាលី សម្រាប់កម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» នេះ នឹងប្រារព្ធធ្វើឡើង ពីរលើក ដោយលើកទី១គឺការប្រារព្ធពិធីក្រុងពាលីនៅថ្ងៃនេះក្នុងបុរីជីប ម៉ុងលែន គេហដ្ឋានរបស់ប្រធានក្រុមហ៊ុន នភាល័យផ្ទាល់ និងលើកទីពីរនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាលមហោស្រពចតុមុខ។

លោក សែជូ សេរីវឌ្ឍនា ដែលជាប្រធានក្រុមហ៊ុន នភាល័យបានឲ្យដឹងថា​ ទាំងការប្រារព្ធកម្មវិធីក្រុងពាលីធំៗទាំងពីរលើក និងកម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» គឺជាការចូលរួមចំណែក ក្នុងសង្គមក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិខ្មែរឲ្យមានជីវិតរស់រវើក តាមរយៈការផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ដែលជាមរតកមនុស្សរស់ ក៏ដូចជាសិល្បករវ័យក្មេង ឲ្យបានចូលរួមកាន់តែសកម្មថែមទៀត។

លោកបានឲ្យដឹងថា​ «ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាតិ និងលើកទឹកចិត្តចំពោះការរៀបចំកម្មវិធីទាំងនេះឡើង ពួកយើងជឿជាក់ថា កម្មវិធីសម្តែងសិល្បៈ និងចម្រៀងជាសាធារណៈនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នឹងជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឲ្យបានគង់វង្ស និងរក្សាមរតកទាំងនោះទៅអ្នកជំនាន់ក្រោយ ជាពិសេសអាចផ្សព្វផ្សាយ អប់រំសិល្បៈវប្បធម៌ខ្មែរឲ្យកាន់តែទូលំទូលាយដល់សាធារណជន»

កម្មវិធីសម្តែងសិល្បៈ និងចម្រៀងជាសាធារណៈ «សង្ឃឹមថ្ងៃមួយ» នាពេលខាងមុខនេះ នឹងមានការចូលរួមយ៉ាងផុសផុលពីសំណាក់សិល្បករ សិល្បការិនីទាំងជំនាន់មុន និងជំនាន់ក្រោយ ដោយធ្វើការសម្តែងសិល្បៈជាច្រើនមុខ ដូចជាចម្រៀងមរតកជំនាន់ដើម របាំប្រពៃណីជាតិ ល្ខោនខោល និងអាយ៉ៃជាដើម។

គួរបញ្ជាក់​ថា ក្រុមហ៊ុន នភាល័យ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី រួមមានក្រុមហ៊ុន ឡាក់វ៉ា ឌីហ្សាញ ព្រីនធីង អេន អេតវើថាយស៊ីង និងក្រុមហ៊ុន ពលវ: អ៊ីមផត អ៊ិចផត ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរបីរូប រួមមាន លោកសែជូ សេរីវឌ្ឍនា លោកជីវ៉ា និងលោកហេង ច័ន្ទណារ៉េត ដើម្បីធ្វើការសិក្សា និងបង្ហាញពីរថយន្តគ្រប់ប្រភេទ តាមរយៈវីដេអូ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក៕