(ញូជើស៊ី)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីសហរដ្ឋអាមេរិក បានមកដល់ព្រលានយន្តហោះដែលស្ថិតក្នុងរដ្ឋ New Jersey នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីការឈ្នះពានរង្វាន់បាល់ទាត់ស្រ្តីពិភពលោក FIFA Women’s World Cup 2019 ដោយបានបំបាក់គូប្រជែងស្រ្តីហូឡង់ ដែលជាជើងឯកប្រចាំទ្វីបអឺរ៉ុបក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកក្កដានេះ។

ក្រុមបាល់ទាត់បានមកដល់ព្រលានយន្តហោះអន្ដរជាតិ Newark Liberty ជុំគ្នា ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងថតរូបទុកជាអនុស្សាវរីយ៍ អមដោយការច្រៀងចម្រៀង «We are The Champions»។

អាមេរិកបានបំបាក់ហូឡង់ក្នុងលទ្ធផល ២-០ ជាមួយនឹងកីឡាការិនីប្រធានក្រុម Morgan Rapinoe ជាអ្នកស៊ុតគ្រាប់បើកឆាកដោយបាល់ប៉េណាល់ទីបានសម្រេចនៅនាទី៦១។

នេះគឺជាកំណត់ត្រាប្រវត្តិសាស្រ្តលើកទី៤ សម្រាប់អាមេរិកដែលបានឈ្នះពាននេះច្រើនជាងគេ គិតចាប់តាំងពីបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ មក។

Ropinoe គឺជាកីឡាការិនីម្នាក់ ក្នុងចំណោមកីឡាការិនីទាំង ២៨នាក់ ដែលបានដាក់ពាក្យបណ្ដឹងកាលពីខែមីនា ជុំវិញប្រាក់កម្រៃ​ដែលកីឡាការិនីទទួលបានទាបជាងកីឡាករនៃក្រុមអាមេរិក។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏បានធ្វើការអបអរសាទរទៅដល់ក្រុមបាល់ទាត់ស្រ្ដីអាមេរិក ដែលទទួលបានពាន World Cup ជាលើកទី៤ ច្រើនជាងគេផងដែរ៕