(ភ្នំពេញ)៖ តារាសម្ដែងស្រីស្រស់​កូនកាត់ កញ្ញា ខាត់ យ៉ាឡាង ដែលត្រូវបានគេដឹងថា ជាតួអង្គយ៉ាងសំខាន់នៅក្នុងខ្សែភាពយន្ត «ព្រឺ» បានបញ្ចេញប្រតិកម្មជុំវិញការបញ្ចេញមតិរបស់មហាជន ទៅលើការគាំទ្រវិស័យភាពយន្តខ្មែរ ដោយនាងចង់ឃើញការរិះគន់ណាមួយក្នុងន័យស្ថាបនា កែលំអរគ្នាទៅវិញទៅមក ដើម្បីបំពេញនូវចំណុចខ្វះខាតណាមួយ ពោលគឺមិនត្រូវរិះគន់បែបជាន់ពន្លិចគ្នាបែបនេះទេ។

ជាការពិត ទស្សនិកជនចង់ឃើញវិស័យភាពយន្តខ្មែរ ដែលត្រូវចាត់ទុកថា ជាសិល្បៈទី៧ មានការរីកចម្រើនខ្ពស់ ល្បីល្បាញនៅលើឆាកអន្តរជាតិ។ ដូច្នេះពួកគាត់បានចូលរួមលើកទឹកចិត្ត និងគាំទ្រទៅតាមវិធីផ្សេងៗ ដូចជាបញ្ចេញមតិ ប្រតិកម្ម រិះគន់ស្ថាបនា ពិសេសគឺនាំគ្នាទៅទស្សនា នៅពេលចាក់បញ្ចាំងរឿង នៅតាមរោងកុននានាជាដើម។

ជាក់ស្តែងថ្មីៗនេះ មានសំណួរថា «អ្នកណាជាឃាតករ​?» ​ពី Trailer និងការសម្ភាសន៍រឿង «ព្រឺ» បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ ហើយក៏ត្រូវបានទស្សនិក ជនយ៉ាងច្រើនចូលរួម​ប៉ាន់ស្មានខុសៗគ្នា។ នេះសរបញ្ជាក់ពីទឹកចិត្តស្រឡាញ់ និងគាំទ្រយ៉ាងខ្ពស់ពីគ្រប់គ្នា ចំពោះភាពយន្តខ្មែរ ក្នុងពេលបច្ចុប្បន្ន។

ពីក្រុមការងារ អ្នកនិពន្ធ អ្នកដឹកនាំរឿង និងតារាសម្តែង មានក្តីសមនស្សរីករាយ និងថ្លែងអំណរគុណនូវគំនិត និងហេតុផលរៀងៗខ្លួនថា តួអង្គម្នាក់នេះ ឬតួអង្គម្នាក់នោះ អាចជាឃាតករ។ ខណៈដែលតួអង្គ «ធីតា» នៅក្នុងរឿង «ព្រឺ» សួរបន្ថែមថា «ចាំមើល! ទស្សនិកជនរកមុខឃាតកឃើញមុនខ្ញុំ ដែលជាអ្នកចង់ល្បីល្បាញ ក្នុងការយកព័ត៌មាន រឿងឃាតកម្មដែរឬទេ?»

បើនិយាយពីតួអង្គនាងធីតា ដែលសម្តែងដោយកញ្ញា ខាត់ យ៉ាឡាង តារាសម្តែង និងម៉ូដែលកូនកាត់ម្នាក់នេះ យើងជឿជាក់ថា ទស្សនិកជនច្បាស់ជាពេញចិត្តនូវសម្រស់ និងទេពកោសល្យរបស់នាង តាមរយៈ Trailer ពីខ្មែរមេគង្គ៕