(ភ្នំពេញ)៖ ពិតណាស់ បច្ចុប្បន្នអតីតតារាកំប្លែង នាយ តាក់ស៊ី បានសម្រេចចិត្តបួសជាសង្ឃប្រមាណជាងកន្លះខែហើយ តែអ្វីមហាជនទូទៅចាប់អារម្មណ៍ ប្រជាប្រិយភាពរបស់ព្រះតេជគុណ ហាក់នៅតែមានដដែល ពោលគឺអាចនិយាយបានថា រឹងតែខ្លាំងជាងកាលនៅជាតារាកំប្លែងទៀតផង។ ពេលថ្មីនេះ ឃើញ ព្រះតេជគុណ តាក់ស៊ី សម្តែងធម៌​ទេសនា​ នាពិធីបុណ្យ តែការទេសនាបែបកំប្លែករបស់ព្រះតេជគុណ ធ្វើឱ្យមានការសើចបែបកំប្លែង សើចសប្បាយ។

យ៉ាងណាមិញ ដោយឃើញសកម្មភាពបែបនេះ បានធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Sothea Yon» បានសរសេរលិខិតបើកចំហរមួយប្រគេនចំពោះ ព្រះតេជគុណ តាក់ស៊ី ដោយមានខ្លឹមសារដូចខាងក្រោម៖

ព្រះតេជគុណតាក់_ស៊ី ជាទីគោរព និងសទ្ធា

ចេតនារម្មណ៍របស់ព្រះតេជគុណបួស ដើម្បីសិក្សាត្រៃសិក្ខា ដើម្បីកាត់បន្ថយទឹកនោមផ្អែម និងជំងឺផ្សេងទៀតដែលកំពុងបៀតបៀម។ បុគ្គលណាបានសិក្សានិងបដិបត្តិធម៌, ធម៌រមែងថែរក្សាបុគ្គលនោះ។ ជំងឺទាំងឡាយណា មានកិលេសដែលត្រាំក្នុងខន្ធសន្តានជាដើមនឹងខ្សោះទៅម្តងបន្តិច ៗ ហើយជំងឺផ្លូវកាយក៏នឹងបានជាប្រសើរផងដែរ។ ធម៌​របស់ព្រះពុទ្ធជាម្ចាស់ហៅថាធម្មោសថ។

ព្រះតេជគុណ សូមព្រះមេត្តាចំណាយពេលយកចិត្តទុកដាក់សិក្សា និងបដិបត្តិត្រៃសិក្ខាឲ្យបានទៀងទាត់យ៉ាងមានសទ្ធាជឿជាក់និងទុកចិត្ត, សូមព្រះមេត្តាកុំទាន់មកប្រោសញាតិញោមដោយការសម្តែងធម៌ ក្នុងខណៈពេលដែលការបដិបត្តិ និងការសិក្សានៅទន់ជ្រាយនៅឡើយ។ ព្រះតេជគុណដឹងទេ បុគ្គលមួយចំនួនកំពុងដណ្តើមប្រជាប្រិយ និងខ្ចីដៃព្រះអង្គ ដើម្បីលាភក្នុងអាមិសទាន។ សូមព្រះតេជគុណចាំថា ព្រះអង្គលះបង់ការងារ មិត្តភ័ក្ត្រ និងប្រពន្ធកូន ដើម្បីស្វែងរកព្រះសទ្ធម្ម, សូមសេពគប់កល្យាណមិត្តជាបណ្ឌិត។

សូមព្រះតេជគុណចំណាយពេលដើម្បីព្យាបាលជំងឺទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈធម្មោសថដោយមានត្រៃសិក្ខាជាគោលបដិបត្តិ, ព្រះតេជគុណនឹងបានជាសះស្បើយជាមិនខាន។

ក្រាបនមស្សការដោយក្តីគោរពនិងសទ្ធា។

#ត្រៃសិក្ខា #ធម្មោសថ។

ត្រៃសិក្ខា មានបីគឺ #សីល #សមាធិ #បញ្ញា៕