(ភ្នំពេញ)៖ «កថាជ័យ» ជាឈ្មោះថ្មី ដែលផលិតករ ហ៊ុយ យ៉ាឡេង ទើបតែប្តូរពី «មាតុចក្រហ្វីមល៍» ព្រោះតែជឿថា ឈ្មោះថ្មីនេះនឹងនាំនូវភាពចម្រុងចម្រើនផ្នែកសិល្បៈទី៧ ដូចទសវត្សរ៍ទី៦០នាសតវត្សរ៍មុន។ ទន្ទឹមគ្នានឹងការប្តូរឈ្មោះនេះផងដែរ លោក ហ៊ុយ យ៉ាឡេង ក៏ទើបតែបញ្ចេញស្នាដៃភាពយន្តថ្មីមួយ គឺរឿង «ដើម្បីកូន» ដែលជារសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក ដោយលោកថានឹងធ្វើឲ្យគ្រប់រសជាតិ មិនមែនមានតែរឿង ខ្មោច រន្ធត់ដូចកន្លងទៅឡើយ។

ថ្លែងតាមរយៈបទសម្ភាសន៍ជាមួយ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម «កថាជ័យ» និងត្រូវបានទស្សនិកជនស្គាល់ថាជាតួឯកក្នុងរឿង «វិកល​ចរិត» បានឲ្យដឹងថា តាមពិតទៅ មាតុចក្រ ដែលជាឈ្មោះដំបូង គឺជាមេទ័ពពូកែចម្បាំងផ្នែកសឹកសង្រ្គាម តំណាងឲ្យសេនាដៃស្តាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលឈ្មោះនេះ បានដាក់តាំងពីអំឡុងឆ្នាំ ២០១២-១០១៣ មកម្ល៉េះ។ ក្រោយមក ក៏បានជួបគ្រូរបស់លោក ក៏មានការពិភាក្សារឿងប្តូរឈ្មោះមកជា កថាជ័យ វិញ ដោយហេតុថា មាតុចក្រ ពូកែខាងសឹងសង្រ្គាម ដូចនឹងមិនជួយផ្នែកសិល្បៈទេ ចំណែកឯ កថាជ័យ តំណាងឲ្យសិល្បៈទាំង៧នេះ នឹងជួយផ្នែកសិល្បៈឲ្យរីកចម្រើន ក្រោយគិតគូរអស់រយៈពេល១ឆ្នាំ ទើបសម្រេច​ប្តូរឈ្មោះផលិតកម្ម ពី «មាតុចក្រ» មក «កថាជ័យ» ដូចបច្ចុប្ប​ន្នតែម្តង។

ជាក់ស្តែង ជាមួយនឹងការប្តូរឈ្មោះផលិតកម្មថ្មីនេះ លោក ហ៊ុយ យ៉ាឡេង ក៏ទើបតែបញ្ចេញស្នាដៃថ្មីសន្លាងមួយទៀត មានចំណងជើងថា «ដើម្បីកូន» ដោយគ្រាន់តែឃើញចំណងជើង គឺកម្សត់ទៅហើយ។ លោកថា ការប្តូរចំណីចក្ខុថ្មីពីការផលិតបែប ខ្មោច ភ័យខ្លាច រន្ធត់ មកពីកម្សត់នេះ គឺព្រោះតែចង់បំបែកទីផ្សារភាពយន្ត ធ្វើយ៉ាងណាឲ្យភាពយន្តខ្មែរមានច្រើនបែប គ្រប់រស់ជាតិ ដូចភាពយន្តជំនាន់ដើមដែលនឹងត្រួសត្រាយផ្លូវបង្កើតអ្វីដែលថ្មីបន្ថែមទៀត។ និយាយបែបនេះ ក៏មិនមែនបំបាត់រឿងខ្មោចដែរ ពោលគឺធ្វើឲ្យគ្រប់ប្រភេទភាពយន្តតែម្តង។

និយាយដល់ចំណុចនេះ លោកហ៊ុយ យ៉ាឡេង បានសង្កត់ធ្ងន់ថា ការផលិតរឿងកម្សត់នេះ គឺមិនបានគិតថា ដើរក្រោយគេនោះទេ ព្រោះថាលោកព្យាយាមធ្វើអ្វីដែលថ្មី ជាក់ស្តែងដូចរឿង «ដើម្បីកូន» គឺដកស្រង់ចេញពីរឿងពិត ដូច្នេះប្រាកដជារសជាតិប្លែក ខុសពីគេ ទោះបីជាស្តាប់ទៅជារឿងកម្សត់ អប់រំ តែមួយក៏ដោយ ប៉ុន្តែមានច្រើនប្រភេទ។

ជាចុងក្រោយ លោក ហ៊ុយ យ៉ាឡេង បានធ្វើការសំណូមពរដល់ទស្សនិកជនខ្មែរគ្រប់រូប កុំឲ្យតម្លៃតែភាពយន្តបរទេស គឺត្រូវឲ្យតម្លៃភាពយន្តខ្មែរ ដែលផលិតបានល្អ ព្រមទាំងជួយជម្រុញទឹកចិត្តផលិតករ ដែលផលិតរឿងបានល្អ ដើម្បីឲ្យពួកគាត់មានទឹកចិត្តធ្វើបន្តទៀត ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យរីកចម្រើនបន្តទៅមុខទៀត។