(ភ្នំពេញ)៖​ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup (ថ្នាក់ជាតិ) លើកទី១៣ ឆ្នាំ២០១៩ នឹងបន្ដការប្រកួតជើងទី២ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយថ្ងៃនេះ ដោយមាន ២ប្រកួត ខណៈក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមអគ្គិសនីកម្ពុជា គឺជាគូជក់ចិត្ត មិនគួរមើលរំលងឡើយ ។

កាលពីជើងទី១ ប្រកួតលើទឹកដីអគ្គិសនីកម្ពុជា ក្រុមទាំងពីរ បានបញ្ចប់ការប្រកួត ៩០នាទីជាមួយលទ្ធផលស្មើគ្នា ០-០ ។ ដូច្នេះថ្ងៃនេះ គឺការប្រកួតកាត់សេចក្ដី ដែលអ្នកគាំទ្រក្រុមទាំងពីរ កំពុងរង់ចាំអ៊ុតលទ្ធផល តើអង្គរថាយហ្គឺរ ឬអគ្គិសនីកម្ពុជា នឹងបានឡើងវគ្គ ៨ក្រុមចុងក្រោយ?

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា បានឲ្យដឹងថា ទោះបីក្រុមខ្លួន ហាក់ចាញ់ប្រៀបអង្គរថាយហ្គឺរ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាក៏ពិតមែន ប៉ុន្ដែក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នេះ លោកមិនសូវមានការព្រួយបារម្ភនោះទេ ពិសេសជំនួបជើងទី១ ថ្ងៃនេះ កូនក្រុមខ្លួនបានត្រៀមរួចរាល់ ដើម្បីតតាំង និងប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយជាមួយអង្គរថាយហ្គឺរ ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៧ ក្នុងពានរង្វាន់ប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធដូចគ្នានេះ អគ្គិសនីកម្ពុជា ធ្លាប់បានទម្លាក់ក្រុមអង្គរថាយហ្គឺរ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះម្ដងរួចមកហើយ ពិសេសប្រកួតលើទឹកដីអង្គរថាយហ្គឺរ ដែលអគ្គិសនីកម្ពុជា បានលត់ក្រុមម្ចាស់ផ្ទះ ៣-០ ឯណោះ ។ ហេតុនេះលោក ប្រាក់ វុទ្ធី រំពឹងថា ថ្ងៃនេះកូនក្រុមខ្លួនក៏នឹងធ្វើបានល្អ ដូចកាលពីឆ្នាំ២០១៧ ដែរ៕