(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ និងរតនគិរី នឹងប្រើប្រាស់កីឡដ្ឋាន AEU Sport Park របស់ក្លឹបអាស៊ីអឺរ៉ុបយូណាយធីត ធ្វើជាទឹកដីសម្រាប់ការប្រកួត ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ វគ្គ១៦ក្រុម ជើងទី២។

ត្បូងឃ្មុំដែលត្រូវប៉ះព្រះខ័នរាជស្វាយរៀង នៅ AEU Sport Park នឹងធ្វើឡើងនៅម៉ោង ៣៖៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ខណៈថ្ងៃពុធ ទី១៧ ខែកក្កដា ក្រុមរតនគិរី ត្រូវប៉ះសូលទីឡូអង្គរ នៅម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។

ការសម្រេចផ្លាស់ប្ដូរទីតាំងពីទីលានបាល់ទាត់វិទ្យាល័យសម្ដេច ហ៊ុន សែន សួង របស់ក្រុមត្បូងឃ្មុំ និងទីលានខេត្តរតនគិរី ដោយសារទីកន្លែងទាំងពីរមិន​មានលក្ខណៈសម្រាប់ការប្រកួតកម្រិតជាតិនេះទេ។

សូមបញ្ជាក់ផងថា ចាប់ពីវគ្គ ១៦ក្រុមនេះតទៅ នឹងមិនមានការបន្ថែម ១៥នាទី ២ដងនោះទេ ក្រោយលទ្ធផលប្រកួតពេញម៉ោង ៩០នាទីស្មើគ្នាក្តី ពោលគឺរាល់ចប់ការប្រកួត ៩០នាទីដោយស្មើគ្នា នឹងទាត់បាល់ប៉េណាល់ទីកាត់សេចក្តីរកក្រុមឈ្នះ-ចាញ់តែម្តង៕