(សេអ៊ូល)៖ តារាចម្រៀង Heize បានឈរតំណែងកំពូល របស់គេហទំព័រចម្រៀងឌីយីថលជាមួយនឹងបទចម្រៀងថ្មី «We don’t talk together» ដែលមានវត្តមានតារារ៉េប Giriboy និងផលិតដោយ Suga សមាជិកក្រុម BTS។ បទចម្រៀងថ្មី ដែលនិពន្ធដោយសមាជិក BTS មួយនេះ គឺដើម្បីស្វាគមន៍ការវិលត្រឡប់របស់ Heize បន្ទាប់ពីរយៈពេល ៤ខែ ដែលនាងបញ្ចេញ Album Vol.1 ឈ្មោះថា «She’s Fine» កាលពីខែមីនាកន្លងទៅ។

«We Don’t Talk Together» បាន​ឈរ​នៅកំពូល​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ជា​ច្រើន​ដូច​ជា Melon, Genie, Bugs, MNET, Naver Music, Soribada, Olleh និង​Momople។ នៅ​ម៉ោង​ ៨ ល្ងាច​ថ្ងៃទី៧ ខែកក្កដា បទ​ចម្រៀង​ថ្មី​របស់ Heize ដែល​មាន​ចំណង​ជើ​ង​ថា «We don’t talk together» ដែលបានចេញ​កាល​ពី​ថ្ងៃទី៧ ខែកក្កដា វេលា​ម៉ោង ៦ ល្ងាច​ បាន​ឈរ​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​តាម​អន​ឡាញ​ក្នុង​គេហ​ទំព័រ​ចំនួន ៥ រួម​ទាំង​ Melon ជា​គេហ​ទំព័រ​ចម្រៀង​ឌីជីថល​កូរ៉េ​ដ៏​ល្បី​ល្បាញ​នាំ​មុខ​គេ​ ហើយក៏ដូច​ជា Genie, Bugs, Soribada និង​Olleh Music។

​ចម្រៀង «We Don’t Talk Together» ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​ មុនពេល​ចេញ ដោយសារត្រូវ​បាន​ផលិត​ដោយ Suga សមាជិក​ក្រុម BTS ដែល​ធ្លាប់​បាន​ផលិត​បទ «Wine» របស់ Suran ដែល​បាន​វ៉ា​ដាច់​គេ​ ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ឌីជីថល (​Digital Music Charts)។ បន្ថែមពីនេះ Suga ​ក៏បាន​ចូល​រួម​ផលិត​បទល្បីៗ​​ជា​ច្រើន​របស់​ក្រុម​ BTS ជាក់ស្ដែង Suga ទទួល​ខុស​ត្រូវ​និពន្ធ​ទំនុក​ភ្លេង ​សម្រាប់​ចម្រៀង​នេះ​ ដោយ​សហការ​ជាមួយ​នឹង​ Heize និង​​ El captixn។ Heize និង​ Giriboy បាន​សរសេរ​ខ្លឹម​សារចម្រៀង​នេះ​ជាមួយ​គ្នា​។

Heize បា​ន​រៀប​រាប់​ថា «សហ​ប្រតិ​បត្តិការ​ដំបូង​រវាង​ Heize និង​ Suga ​​ប្រកប​ដោយ​ភាពជោគ​ជ័យ​ ដោយ​សារ​តែ​ការ​ខំប្រឹង​ប្រែង​របស់​បុគ្គលិក​ទាំង​សង​ខាង​»