(កំពង់ធំ)៖ អបអរគំរប់ខួប២ឆ្នាំ នៃប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងលើកស្ទួយល្ខោនខោលខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីយនៃមនុស្សជាតិ​ ក្រុមហ៊ុនហុងដាជួបកៅប្រចាំខេត្តកំពង់ធំ ក្រោមការសហការចូលរួមពីគ្រួសារតារាកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដង្ហែក្បួនឈុតបុរាណ យ៉ាងអស្ចារ្យពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក កាលពីព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩។ ពិធីនេះរួមមានក្បួនដង្ហែរដោយម៉ូតូ រថយន្ត និងក្បួនដង្ហែរដោយថ្មើជើងយ៉ាងកក្រើក មិនធ្លាប់មាននៅទីតាំងតំបន់វប្បធម៌បុរាណមួយនោះ ហើយទទួលបានជោគជ័យ លើសពីការរំពឹងទុក។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកដឹកនាំសិល្បករកុះករ ឲ្យគ្រងឈុតបុរាណ គឺមានហេតុផលតែមួយគត់ គឺដោយសារតែព្រឹត្ត្តិទិវាវប្បធម៌បេតិកភណ្ឌជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុនហុងដា ជាកម្មវិធីលើកស្ទួយ និងទ្រង់ទ្រង់សិល្បៈវប្បធម៌ជាតិ។ នៅក្នុងក្បួនដង្ហែរនោះលោកថា មានការចូលរួមសុទ្ធសឹងតែសិល្បករអាជីព ដោយមានទាំងរៀមច្បង និងតារាជំនាន់ថ្មី។ ក្នុងនោះក៏មានវត្តមានម្ចាស់ពានទាំង៦រូបរបស់គ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៨ ចូលរួមផងដែរ។

ដោយឡែកលោក ជួប ចាន់ដារ៉ា ប្រធានហុងដាជួបកៅ ​ខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា លោកពិតជាមោទនភាពយ៉ាងខ្លាំង ដែលក្បួនដង្ហែរឈុតបុរាណ​ក្រោមការរៀបចំរបស់ក្រុមហ៊ុន ក្រោមការចូលរួមសហការពីគ្រួសារតារាកម្ពុជា ក្លាយជាក្បួនដង្ហែរឈុតបុរាណទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរខួប២ឆ្នាំរបស់ប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភណ្ឌពិភពលោក។ លោកបន្តថាក្បួនដង្ហែរឈុតបុរាណ អមដោយសិស្សនិស្សិត មិនតិចជាងខ្ទង់ពាន់នាក់នេះ ត្រូវបានដង្ហែរចេញពីទីតាំងក្រុមហុងដាជួបកៅខេត្តកំពង់ធំ ដោយក្បួនរថយន្តឆ្ពោះទៅប្រាសាទសំបូរព្រៃគុក និងបន្តដោយថ្មើជើងជាក្បួនវែងមួយផ្សេងទៀត បន្តទៅកាន់ប្រាសាទសំបូរព្រៃគុក។ ក្បួននេះ ជាការចូលរួមសហការដោយគ្រួសារតារាកម្ពុជាទាំងស្រុង ទើបអាចធ្វើឲ្យក្បួនដង្ហែរដែលរៀបចំដោយក្រុមហ៊ុនហុងដាលើកដំបូង ដែលទើបបញ្ចប់ថ្មីៗមុននេះ ជោគជ័យមិនធ្លាប់មាន។

លោកបានសង្កត់ធ្ងន់ថា ក្បួនដង្ហែរដែលរៀបចំឡើង ត្រូវបាននាំមុខដោយឆៃយាំ និងល្ខោនខោល ដើម្បីគោលបំណងអបអរគំរប់ខួប២ឆ្នាំ នៃប្រាសាទសំបូរព្រៃគុកចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើកស្ទួយល្ខោនខោលខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីយនៃមនុស្សជាតិ។ ថែរក្សាសម្លៀកបំពាក់បំពាក់ទម្រង់បុរាណខ្មែរ និងបណ្តុះគំនិតឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និង ចូលរួមលើកស្ទួយ សម្បត្តិវប្បធម៌ ទាំងអស់គ្នា។ លោករំពឹងថា ក្បួនដង្ហែរឈុតបុរាណដែលក្រុមហ៊ុនហុងដាជួបកៅបានសហការ ធ្វើជាមួយ​គ្រួសារតារាកម្ពុជានេះ នឹងក្លាយជាក្បួនដង្ហែរទ្រង់ទ្រាយវប្បធម៌ជាប្រវត្តិសាស្ត្រ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា ជាពិសេសគឺស្គាល់ពីវប្បធម៌របស់ខ្មែរ។

លោកកោតសរសើរ ចំពោះការសហការនិងការខិតខំរបស់គ្រួសារតារាកម្ពុជា ទើបធ្វើឲ្យក្បួនដង្ហែររបស់លោកក្លាយជាក្បួនដង្ហែរទទួលបានការចាប់អារម្មណ៍ដល់ម្ល៉ឹង។ លោកកាន់តែកោតសរសើរទៅទៀត នៅពេលតារាសិល្បករទាំងនោះ បានបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងឈុតបុរាណ ដែលកាន់តែជួយឲ្យពិភពលោកស្គាល់ច្បាស់ពីវប្បធម៌ខ្មែរ៕