(ភ្នំពេញ)៖ តារាចម្រៀងប្រុសវ័យក្មេង ពោរពេញដោយសមត្ថភាពសិល្បៈ និងត្រូវបានគេស្គាល់ថា ជាតារាប្រុសមួយរូប ដែលមានសុជីវធម៌ និយាយស្តីគោរពមនុស្សជុំវិញខ្លួនគឺ លោក ម៉ម ពេជ្ជរិទ្ធ មួយរយៈចុងក្រោយនេះ បានជួបរឿងដ៏អយុត្តិធម៌មួយ ដោយចម្រៀងដែលជាស្នាដៃរបស់ខ្លួន គឺបទ «ឆ្ងាយ» ដែលខិតខំចំណាយប្រាក់ និងពេលវេលាផលិតបានយ៉ាងល្អឥតខ្ចោះ ត្រូវបានបុគ្គលមិនស្គាល់អត្តសញ្ញាណ លួចយកទៅធ្វើជាម្ចាស់កម្មសិទ្ធ ដើម្បីទាយប្រយោជន៍។ ទោះបីក្នុងចិត្តស្តាយស្រណេះស្នាដៃខ្លួនខំផលិត និងរងភាពអយុត្តិធម៌នឹងនឹងសម័យកាលអេឡិចត្រូនិកក្តី តែលោក ម៉ម ពេជ្ជរិទ្ធ នៅតែមាន​សង្ឃឹមរងចាំស្នាដៃខ្លួនត្រឡប់មកវិញ ព្រោះជឿថាខ្មែរនិយាយគ្នាស្តាប់ ខ្មែរចេះជួយគ្នា សហការគ្នា ដោយសំណូមពរដល់បុគ្គលដែលលួចចម្រៀងរបស់ខ្លួន ឲ្យមកចូលរួមសហការគ្នាជាធ្លុងមួយវិញ ជាជាងមានឈ្មោះជាចោរលួច។

តាមរយៈសំណេររៀបរាប់យ៉ាងវែងលើបណ្តាញទំនាក់ទំនងសង្គម លោក ម៉ម ពេជ្ជរិទ្ធ បានសរសេរថា «វីដេអូចម្រៀង បទ «ឆ្ងាយ» មិនអាចបញ្ចេញជាផ្លូវការបាន ដោយសារព្រោះតែមានអ្នកយកបទចម្រៀងនេះ ទៅចែកចាយនៅលើ «YouTube» មុនខ្ញុំ ហើយពួកគាត់កំពុងតែមានឈ្មោះជាម្ចាស់លើបទចម្រៀងនេះទៀតផង (Own the YouTube content ID)។ ខ្ញុំប្រហែលជាត្រូវបោះចោល វីឌីអូ Music Video បទ «ឆ្ងាយ» ដែលបានថតនៅសហរដ្ឋអាមេរិកនេះទៅក្រោមគ្រែហើយ...។ មិនមែន​គ្មានដំណោះស្រាយ ហើយមកអង្គុយរ៉ាយរ៉ាប់នៅទីនេះទេ គឺមាន!!!!»

លោកបន្តថា «តែយ៉ាងណា សូមសារនេះទៅដល់បងប្អូន ដែលយកបទចម្រៀងខ្ញុំទៅចែកចាយផង សូមកុំយករឿងនេះជាគំនុំគំគួនអី ហើយបកមកចូលរួមជាធ្លុងមួយ ដើម្បីឲ្យវិស័យនេះដើរទៅមុខទាំងអស់គ្នាបានទេ! ហើយមិនមែនផ្លូវច្បាប់មិនដំណើរការទេ តែខ្ញុំសួរថាតើបងប្អូនយើងរួចរាល់ និងការជាប់ទោសដោយមូលហេតុ ចម្រៀងឬនៅ? ខ្ញុំមិនចង់ឲ្យអ្នកមានទោសដោយមូលហេតុនេះទេ វាមិនទាន់ត្រូវធ្វើចឹង!»

លោក ម៉ម ពេជ្ជរិទ្ធ បានបង្ហាញពីពត៌មានខ្លីៗ អំពីការផលិតបទចម្រៀង «ឆ្ងាយ» យ៉ាងដូច្នេះថា «ចំពោះ បទ «ឆ្ងាយ» និពន្ធអស់រយៈពេលកន្លះឆ្នាំ (៦ខែ), សមាជិកក្រុមតូចនៅជួយរាល់តម្រូវការ, សហការជាមួយលោកគ្រូខ្ញុំ លើការសរសេរ, យើងបានទិញកំព្យូទ័រដើម្បីធ្វើការផលិតអស់ (២០០០$), ថ្លៃភ្លើង (៦ខែ) (៦០០$ ), កម្មវិធីផលិតតន្ត្រី Studio one ៤ (៤០០$), សម្លេងឧបករណ៍តន្ត្រីដែលប្រើក្នុងបទឆ្ងាយ KOMPLETE ១១ ultimate (១២០០$ ), សម្លេងហ្គីតា Orange Amp + EVH guitar (១៦០០$), ខ្ញុំខំហាត់លេង និងរកទំនុកហ្គីតាបទ «ឆ្ងាយ» ៦ ខែ ទំរាំត្រូវចិត្តខ្លួនឯង ហើយសហការជាមួយសិល្បករព្យាណូ ដើម្បីបញ្ចូលក្នុងបទ, ខ្ញុំត្រូវអង្គុយ មិច (Mix) រឺ ពង្រឹង បច្ចេកទេសសម្លេងដោយខ្លួនឯង ថ្ងៃ/យប់។ បន្ទាប់ពីបញ្ចប់ការងារពេលកន្លះឆ្នាំតាមចរន្តការងារ ខ្ញុំត្រូវឲ្យបងប្អូនស្ដាប់ក្នុង Pleng App ១ខែ សិន ទើបខ្ញុំបញ្ចេញក្នុង YouTube ព្រោះត្រូវរកចំណូលបន្តិចបន្តួចមកវិញ។ សរុបចំណាយអស់ (៤៨០០$ ) មិនបានគិតថ្លៃទីតាំង និងសិល្ប:ករដែលបានសហការ»

តារាចម្រៀងប្រុសរូបនេះបានបន្ថែមថា «បងបង មិនគួរចែកចាយបទនេះ ដោយគ្មានការអនុញ្ញាតទេ ហើយថែមទាំងលួចយក YouTube Content ID របស់ពួកយើងទៀត។ អាច​ទេ យើងមកធ្វើការជាមួយគ្នាវិញ? ខ្ញុំបានផ្ញើសារទៅបងអ្នកយកទៅផុសមុនហ្នឹង ដើម្បីជួបមុខនិយាយគ្នាអំពីរឿងនេះ តែផ្ទុយទៅវិញ មិនតប មិននិយាយជាមួយ ហើយគ្រាន់តែលុបបទ «ឆ្ងាយ» ចេញពី channel គាត់។ តើអ្នកណាមួយនឹងចូលរួមជាមួយខ្ញុំ និងក្រុម ដើម្បីចាត់ការទៅលើរឿងកម្មសិទ្ធបញ្ញាលើ YouTube នេះ។ ខ្ញុំគិតថា បើបងនិយាយថា នេះខ្មែរដូចគ្នា ជួយគ្នានោះ មោះ មកធ្វើការជាមួយគ្នាវិញ ជាជាងធ្វើអំពើលួចអីចឹង។ Inbox របស់ខ្ញុំបើករហូតទេ ផ្ញើសារមកកាន់ mail របស់ខ្ញុំ [email protected] ក៏បាន។ តោះយើងរៀនធ្វើការជាមួយគ្នា។ ខ្ញុំរង់ចាំរាល់បងៗ ដែលមានចំនេះលើរឿង Digital និង YouTube នេះ។ អរគុណ​ដែលបានគាំទ្រកន្លងមក និងជារៀងរហូត»

គួរជម្រាបថា សម្រាប់បទចម្រៀង ដែលមានចំណងជើងថា «ឆ្ងាយ» ដែលត្រូវបានមហាជនក្មេងចាស់ប្រុសស្រីគ្រប់ស្រទាប់វណ្ណះ ជាពិសេសគឺមិត្តយុវវ័យនិយមស្តាប់ជារឿយៗនេះ គឺជាស្នាដៃចម្រៀង និងផលិត របស់តារាចម្រៀងប្រុស លោក ម៉ម ពេជ្ជរិទ្ធ ប៉ុន្តែដោយសារចម្រៀងនេះត្រូវបានគេលួចយកទៅធ្វើម្ចាស់កម្មសិទ្ធទើបមិនទាន់ចេញជាវីដេអូ។ ដើម្បីផលិតវីដេអូ លោក ម៉ម ពេជ្ជរិទ្ធ បានទៅថតដល់សហរដ្ឋអាមេរិក ដើម្បីចែកជូនទស្សនិកជនទស្សនាសប្បាយ ជាមួយនឹងចម្រៀងពិរោះរណ្តំ តែក៏ត្រូវជួបរឿងអយុត្តិធម៌បែបនេះទៅវិញ៕