(សេអ៊ូល)៖ នេះគឺជាលើកដំបូងហើយដែលតារាស្រី Song Hye Kyo បានបង្ហាញខ្លួននៅមុខអ្នកកាសែតជាសាធារណៈ ក្រោយពេលផ្ទុះព័ត៌មានពេញក្នុងស្រុក ពាក់ព័ន្ធនឹងការលែងលះជាមួយ Song Joong Ki។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន Song Hye Kyo បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយម៉ាកគ្រឿងសម្អាងមួយ នៅកោះ Sanya ប្រទេសចិន។ នេះបើតាមការដក់ស្រង់ផ្សាយដោយសារព័ត៌មាន koreaboo នៅថ្ងៃទៅ ០៨ ខែកក្កដា ឆ្នាំ២០១៩។

ទោះជាយ៉ាងណាក្ដី Song Hye Kyo ចង់រក្សាការសន្យារបស់នាង ដោយបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ហើយនៅពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ដោយស្លៀកពាក់រ៉ូបពណ៌ស និងមូលសក់រួញតិចៗ តុបតែងខ្លួនបែបសមញ្ញា។

សារព័ត៌មាន បានបញ្ជាក់ថា នាងមានរាងស្គមជាងមុន ស្រកអស់ជាច្រើនគីឡូ រហូតស្លៀកពាក់លែងត្រូវ ព្រោះតែសម្ពាធរឿងរៀបការ។

តារាស្រីវ័យ ៣៨ឆ្នាំរូបនេះ មិនបានឆ្លើយតមអ្វីនោះទេ នៅពេលដែលអ្នកកាសែតសួរនាំព័ត៌មានពាក់ព័ន្ធនឹងការលែងលះ គ្រាន់តែធ្វើការអរគុណដល់អ្នកគាំទ្រ ដែលមកចូលរួមកម្មវិធី ហើយនាងនឹងបន្តការងាររបស់នាង ដើម្បីនាំយកនូវអ្វីៗដែលល្អជូនទស្សនិកជន៕