(ព្រះសីហនុ)៖ ដើម្បីរួមចំណែកការងារជួយសង្គម និងចែករំលែកក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋខ្វះខាត និងសិស្សស្ថិតនៅភូមិបត់សិមាន់ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុប្រធានសមាគមកូនខ្មែរប៊ូឆន់ នៅប្រទេសកូរ៉េ និងតារាប្រុសសង្ហា ​VJ ALaskoo បាននាំយកអំណោយ និងសម្ភារៈសិក្សាមួយចំនួនចែកជូនដល់ពួកគាត់ មានចំនួនប្រមាណជាង៤០០នាក់។

សកម្មភាពនៃការចុះចែកអំណោយ និងសម្ភារៈសិក្សាជូនដល់ប្រជាពលរដ្ឋ-សិស្សប្រមាណជាង៤០០នាក់ ពីសំណាក់ប្រធានសមាគមកូនខ្មែរប៊ូឆន់អ្នកស្រី ម៉ែន ចិន្តា និងស្វាមីរួមទាំងសិល្បករខ្មែរខាងលើនេះដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៨ ​ខែកក្កដា ឆ្នាំ២០១៩ខណៈដែលសកម្មភាពសប្បុរសធម៌នេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលរស់នៅទីនោះ ផងដែរ។

បើតាមការប្រាប់ឲ្យដឹង ពីតារាប្រុសសង្ហាវីជេ អាឡាស្កូ បានរៀបរាប់ថា ជាការពិតប្រធានសមាគមកូនខ្មែរប៊ូឆន់អ្នកស្រី ​ម៉ែន ចិន្តា និងស្វាមីបានចុះទៅធ្វើកម្មវិធី សប្បុរសធម៌ក្រោមប្រធានបទអប់រំ បរិស្ថានស្អាត ភូមិស្អាត សុខភាពល្អ និង សប្បុរសធម៌ ។ ដោយក្នុងនោះមានគ្រួសារប្រជាពលរដ្ឋ ខ្វះខាតចំនួន១៣០គ្រួសារ ដែលទទួលបានអំណោយជាអង្ករក្នុង១គ្រួសារ ២៥គីឡូ ,មី១កេះនិងថវិកា៣ម៉ឺនរៀល។

ដោយឡែក ចំណោះសិស្សានុសិស្ស មកពីសាលាបឋមសិក្សាចំនួន២ផ្សេងគ្នា គឺទទួលបានអាវយឺតម្នាក់១ និងថវិការ៥០០០រៀល​ហើយលោកគ្រូ អ្នកគ្រូចំនួន២០នាក់ ក៏ទទួលបានអាវយឺតក្នុងម្នាក់១ និងថវិកា៣ម៉ឺនរៀលផងដែរ។ ក្រៅពីនេះប្រធានសមាគមកូនខ្មែរប៊ូឆន់អ្នកស្រី ម៉ែន ចិន្តាក៏បានជូនដល់ចាស់ៗ និងក្រុមអ្នកថែរក្សាសណ្តាប់ធ្នាក់ផងដែរ ដោយសរុបថវិការសប្បុរសធម៌នេះ មានចំនួនជិត១ម៉ឺនដុល្លារ។

នេះពុំមែនទើបជាលើកទី១សម្រាប់​អ្នកនាង ម៉ែន ចិន្តា ដែលមានប្រវត្តិពីក្មេងស្រីទួលនំបញ្ចុកគីឡូលក់ តាមភូមិលក់រហូតជោគជ័យផ្លូវជីវិត ក្លាយជាអ្នកជំនួញនោះទេ ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ តាមរយៈការចែកអំណោយ និងសម្ភារៈសិក្សាជូនដល់សិស្សនិងប្រជាពលរដ្ឋខ្វះខាតនោះទេ ពោលគឺមានច្រើនមកហើយ។

លើសពីនេះទៅទៀត នៅក្នុងសកម្មភាពចុះទៅចែកអំណោយ និងសម្ភារៈសិក្សាជូនដល់ប្រជាពលរដ្ឋ-សិស្សនៅស្រុកព្រៃនប់នេះដែរ អ្នកនាងម៉ែន ចិន្តា និង ស្វាមីក៏បានសម្រេចបរិច្ចាគថវិកាផ្ទាល់ខ្លួន ប្រមាណជាង២ម៉ឺនដុល្លារ ដើម្បីផ្តល់ជូនការដូងអនុស្សាវរីយ៍នូវផ្លូវចាក់បេតុងមួយខ្សែ ប្រវែងជាង២គីឡូម៉ែត្រជាចំណងដៃ ដល់ប្រជាពលរដ្ឋរស់នៅទីនោះផងដែរ៕