(សេអ៊ូល)៖ តារាស្រីកូរ៉េ Lee Yeol-eum​ ប្រឈមនឹងរងការពិន័យនៅប្រទេសថៃ ដោយការចាប់លៀសយក្សសមុទ្រជិតផុតពូជ អំឡុងពេលថតឲ្យកម្មវិធីទូរទស្សន៍​ «The Law of the Jungle» ហើយអាចប្រឈមនឹងការជាប់គុក ៤ឆ្នាំ ប្រសិនបើទោសនោះធ្ងន់ធ្ងរពិតមែន។ នេះបើយោងទៅតាមមន្រ្ដីលើកឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលចេញផ្សាយដោយពត៌មានសេអ៊ូល allkpopនៅថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០១៩។

តារាសម្ដែង Lee Yeol-eum បានជម្រុជចូលទៅក្នុងទឹក ដោយបានចាប់លៀសយក្សបានចំនួន ៣ នៅឯឧទ្យានសមុទ្រ ក្នុងប្រទេសថៃ តាំងពីខែមិនា ក​ន្លងទៅ សម្រាប់កម្មវិធី«The Law of the Jungle» ដែលបានចាក់ផ្សាយកាលពីខែទី ៣០ ខែមិថុនា កន្លងទៅ។

Narong Kongeiad ប្រធាននៃឧទ្យានជាតិ Hat Chao Mai បាននិយាយថា លោកបានដាក់ពាក្យបណ្ដឹងទៅប៉ូលិសកាលពីថ្ងៃពុធសប្ដាហ៍មុន លើបទល្មើសច្បាប់សត្វព្រៃ ដោយការចាប់សត្វលៀសយក្ស។ ការចោទប្រកាន់នេះ អាចនឹងប្រឈមមុខជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ ហើយអាចនឹងពិន័យជាប្រាក់ ប្រមាណ​១៣០០ ដុល្លារអាមេរិក។

ប្រធាននៃឧទ្យានជាតិ Hat Chao Mai បានបន្តថា អ្នកផលិតកម្មវិធីនេះ ក៏ត្រូវបានគេជូនដំណឹង ពីបទបញ្ជារួចហើយដែរ។ លោកបានថ្លែងថា «ធនធាននៅសមុទ្រនៃឧទ្យានជាតិ Hat Chao Mai មិនអាចចាប់បាននោះទេ ហើយក៏រឹតតែមិនអាចនេសាទ ឬចម្អិនបាននោះដែរ។ អ្នកនេសាទ និងនាវិក បានដឹងយ៉ាងច្បាស់ពីរឿងទាំងនោះ ដោយសារតែឧទ្យាននៅទីនេះ បានជូនដំណឹងដល់ពួកគេ ពីលក្ខខ័ណ្ឌរបស់ឧទ្យាន មុនពេលចាប់ផ្ដើមថតកម្មវិធី។

ប្រព័ន្ធផ្សព្វផ្សាយទីក្រុងសេអ៊ូលដែលជាអ្នកផលិតកម្មវិធីបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដោយនិយាយថា ពួកគេពិតជាសុំទោស ចំពោះការថតកម្មវិធី ដោយមិនបានយល់ដឹងពីច្បាប់ការពារសត្វព្រៃ នៅប្រទេសថៃ។ ពួកគេនឹងមានការប្រយ័ត្នឲ្យខ្លាំងជាងមុន ពេលថតកម្មវិធីនាពេលក្រោយ។

ទន្ទឹមគ្នាផងដែរ រឿងរ៉ាវនេះ បណ្ដាលឲ្យអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណែត មានប្រតិកម្មជាខ្លាំង ជាពិសេសក្នុងចំណោមជនជាតិកូរ៉េ បានអំពាវនាវឲ្យលុបចោលកម្មវិធីថតនេះ។ ស្រប​ពេល​ដែល​ពាក្យ​បណ្ដឹង​បាន​ដាក់​រួច​ទៅ​ហើយ​នេះ ពេល​នេះ​គេ​ត្រូវ​ចាំ​មើល​ថា​តុលាការ​សម្រេច​ថា​ត្រូវ​តាម​ចាប់​តារា​សម្ដែង​ស្រី​ខាង​លើ ឬ​ត្រូវ​ទម្លាក់​ករណី​នេះ​ចោល។ ​​
ឧទ្យានជាតិHat Chao Mai នេះ ស្ថិតនៅខេត្ត Trang ភាគខាងត្បូងប្រទេសថៃ មានចម្ងាយប្រហែល ៦៧០គីឡូម៉ែត្រនៅភាគខាងត្បូងទីក្រុងបាងកក៕