(ចិន)៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ បានជួបប្រជុំគ្នានៅAzerbaijan ដើម្បីពិភាក្សាពីការចុះបញ្ជីតំបន់ថ្មីនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប្រទេសចិនបានដាក់សំណើទៅអង្គការយូនេស្កូរួចហើយ ដើម្បីបញ្ចូល «តំបន់បុរាណវិទ្យា Liangzhu» ជាតំបន់បេតិកភណ្ឌ ដែលលទ្ធផលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

វត្ថុបុរាណដែលរកឃើញនៅ Liangzhu មានអាយុកាលជាង ៥០០០ ឆ្នាំ។ ក្រុមអ្នកបុរាណវិទូដែលធ្វើការនៅតំបន់នោះ តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ បានជីករុករកវត្ថុបុរាណទាំងនោះ នៅជិតទីក្រុង Hangzhouនៃខេត្តចឺជាំង ( Zhejiang) ប្រទេសចិន។

Liangzhu ត្រូវបានចាត់ទុកថាជាបំណែកភស្តុតាងផ្សេងទៀតនៃអរិយធ៌មចិនបុរាណ។ លោកលីវប៊ីន​ Liu Bin បាននិយាយថាការដាក់ពាក្យសុំបញ្ជីបេតិកភ័ណ្ឌពិភពលោកនឹងជួយថែរក្សាអរិយធម៌បុរាណនេះឱ្យបានប្រសើរជាងមុន មនុស្សមកពីទូទាំងពិភពលោកនឹងស្គាល់កាន់តែច្បាស់។

ការរុករកនៅLiangzhu នៅតែដំណើរការ ហើយអាជ្ញាធរក្នុងតំបន់ កំពុងប្រើបច្ចេកវិជ្ជាទំនើបចុងក្រោយបំផុតដើម្បីឃ្លាំមើលទីតាំងទាំងនោះ។ ពួកគេក៏នឹងបើកសួនបេតិកភណ្ឌ Liangzhu ក្នុងពេលឆាប់ៗដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានបន្ថែមអំពីអតីតកាលដ៏រុងរឿងរបស់ទីក្រុងនេះ៕