(ភ្នំពេញ)៖ ការតស៊ូពិតជាមានតម្លៃណាស់ ចំពោះមនុស្សគ្រប់រូប។ លោកសែម រ៉ាម៉ន ដែលត្រូវបានមហាជនស្គាល់ថា គឺជាម្ចាស់ជយលាភីក្នុងកម្មវិធីវិទ្យុមួយ ព្រោះតែស្រឡាញ់អាជីពសិល្បៈ បានខិតខំប្រឹងប្រែងតស៊ូ ព្យាយាម រហូតបានវិវត្តន៍ ពីពិធីករក្នុងស្ថានីយវិទ្យុមួយ ក្តាប់បានឱកាសពិសេសអាចធ្វើជាតារាចម្រៀង នៅប្រទេសកាដាណា ទទួលបានការគាំទ្រច្រើន ពីបងប្អូននៅទីនោះ។ ដោយសារវត្តមានច្រៀងរាំកំសាន្តសប្បាយ របស់តារាប្រុសវ័យក្មេងដួងនេះ ធ្វើឲ្យកម្មវិធី ដែលលោកចូលរួមច្រៀងកាន់តែសប្បាយនោះ បានធ្វើឲ្យការងារសិល្បៈនៅក្រៅប្រទេសរីកដូចគ្រាប់ជី និងមានប្រជាប្រិយភាពត្រូវបានគេអញ្ជើញច្រៀងស្ទើរគ្រប់កម្មវិធីផងដែរ។

ជាការកត់សម្គាល់ លោក សែម រ៉ាម៉ន ត្រូវបានទស្សនិកជនក្នុងស្រុកស្គាល់ថា គឺជាម្ចាស់ជយលាភីតារាឯកក្នុងស្ថានីយវិទ្យុនាគពន្ធ័ ក្នុងខេត្តកំពង់ចាមនៅអំឡុងឆ្នាំ ២០០៩។ ក្រោយទទួលជយលាភី លោកបានបម្រើការងារនៅទីនោះ ជាពិធីករវិទ្យុ។ តែយ៉ាណា ជាឱកាសល្អបានចេញទៅប្រទេសកាដាណា មានសមត្ថភាពបង្កើតក្នុងតន្ត្រីមួយនៅទីនោះ ដោយទទួលបានការពេញចិត្តយ៉ាងខ្លាំងផងដែរ។ រហូតមកទល់នឹងបច្ចុប្បន្ន លោក សែម រ៉ាម៉ន បន្តវិវត្តន៍ខ្លួនឥតឈប់ឈរ ដោយបានធ្វើជាតារាចម្រៀង ក្នុងកម្មវិធីកំសាន្តតូចធំនៅទីនោះ ដោយមានការគាំទ្រច្រើនពីទស្សនិកជន។

ទន្ទឹមគ្នានេះ បើតាមសកម្មភាពលើបណ្តាញសង្គម ត្រូវបានគេមើលឃើញថា ក្នុងអាជីពជាតារាចម្រៀង លោក សែម រ៉ាម៉ន ថែមទាំងចូលរួមសម្តែងជាមួយរៀមច្បង ដែលជាសិល្បករ-សិល្បករិនីខ្មែរ ពេលទៅសម្តែងនៅកាណាដាផងដែរ ដូចជា កញ្ញា មាស សុខសោភា, លោក ឆន សុវណ្ណរាជ និង ទៀង​ មុំ​សុធាវី ជាដើម។

ទោះអាជីពជាតារាចម្រៀង ឈានមកដល់ចំណុចទទួលបានការគាំទ្រពីបងប្អូននៅកាដាណាក្តី តែលោក សែម រ៉ាម៉ន មិនបានភ្លេចនោះឡើយ ចំពោះការគាំទ្រពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅស្រុក ដោយលោកតែងតែបញ្ចេញសំណេរលើបណ្តាញសង្គមថា បើសិនជាគ្មានទស្សនិកជនគាំទ្រ ក៏គ្មានវត្តមានលោកជាតារាចម្រៀង នៅក្រៅប្រទេសដូចបច្ចុប្បន្ននេះដែរ៕