(ខាយរ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ និងបេនីន (Benin) បានឡើងទៅឈរនៅចាំមុននៃវគ្គ ៨ក្រុមចុង ក្រោយពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដែលមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះផងនោះ។

ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ល្អចេញពីពូល F បេនីន បានយកឈ្នះជើងខ្លាំងគឺឡូ World Cup 2018 ម៉ារ៉ុក ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-១ បន្ទាប់ពីការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនាយប់មិញនេះ មុនពេលសេណេហ្គាល់ ដែលមានកីឡាករសំខាន់ Sadio Mane នោះ បានទម្លាក់គូប្រជែងអ៊ុយហ្គាន់ដា ក្នុងលទ្ធផល ១-០។

ក្នុងជំនួបដ៏ស្វិតស្វាញរវាងម៉ារ៉ុក និងបេនីន កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Hakim Ziyach មកពីក្លឹប Ajax នៃប្រទេសហូឡង់ មានឱកាសរកគ្រាប់នាំមុខ នៅនាទី ៩០+៤ តែទាត់បាល់ប៉េណាល់ទីអត់ចូល មុនពេលកាត់ទាត់ប៉េ ណាល់ទីកាត់សេចក្តី ក្រុមខ្លួនបន្តទាត់ចូលតែ ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥គ្រាប់ ខណៈបេនីន ទាត់ចូល ៤គ្រាប់យក ជ័យជម្នះឡើងទៅវគ្គ ៨ក្រុមតែម្តង។

ដូចគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធមកពីក្លឹបហង្សក្រហម Liverpool របស់អង់គ្លេស Sadio Mane ក៏ភ្លាត់ស្នៀតទាត់ ប៉េណាល់ទីអត់ចូល ១គ្រាប់ផងដែរនៅនាទី៦១ មុនពេលកីឡាករស្បែកខ្មៅនេះដដែលធ្វើសម្រេចគ្រាប់ទី១ តាំងពីនាទី ១៥មកនោះ។

ក្រុមទាំងពីរសេណេហ្គាល់ និងបេនីន នឹងត្រូវប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត ដើម្បីស្វែងរកក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩៕