(ភ្នំពេញ)៖ អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន កែវ សុខង៉ន បានលើកឡើងថា កីឡាករជនជាតិអាហ្វ្រិកខាងត្បូង Booysen Shane តែងតែបង្ហាញភាពជាគម្រូ​ដល់មិត្តរួមក្រុមនៅលើទីលាន និងភាពជោគជ័យអំឡុងការលេងលើកដំបូងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ក៏ជះឥទ្ធិពលលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំដែរ។

សក្តានុពល បូករួមទាំងបទពិសោធន៍នៅក្របខណ្ឌលីគកំពូល និងគោលបំណងសម្រួចតំបន់ប្រយុទ្ធ គឺជាមូលហេតុចម្បងដែលភ្នំពេញក្រោនសម្រេចចិត្តជ្រើសរើស Shane Booysen ត្រឡប់ទៅកាន់កីឡដ្ឋាន RSN ម្ដងទៀតនេះ។

អ្នកចាត់ការក្រុម សុខង៉ន បានបន្ថែមថា «Shane អាចជួយក្រុមយើង ទោះបីគាត់ធ្លាប់មានបញ្ហារបួសខ្លះៗក៏ដោយ។ យើងចង់បង្កើនជម្រើសប្រយុទ្ធឲ្យកាន់តែច្រើន ព្រោះឥឡូវយើងមានតែ Paulo ហើយ Shane ក៏មានភាពវៃឆ្លាត និងបទពិសោធន៍ក្នុងលីគកំពូលស្រាប់ ហើយភាពជោគជ័យ និងសមត្ថភាពរបស់គាត់ធ្វើឲ្យយើងសម្រេចចិត្តយកគាត់មកវិញ»

សូមបញ្ជាក់ផងថា Shane Booysen បានលើកពានលីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ក្នុងឆ្នាំ២០១៥ មុនផ្លាស់ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទី១ ឆ្នាំ២០១៨។ គេក៏បន្តលេងឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិនៅជុំទី១ នៃរដូវកាលឆ្នាំ២០១៩ ផងដែរ៕