​(ភ្នំពេញ)៖ អ្នកនាង ឆិល ពេជ្រពណ្ណរាយ ហៅស្រីពេជ្រ បានតស៊ូនៅលើឆាកតន្រ្តី ជាអ្នករាំអស់រយៈពេលជិត ២០ឆ្នាំ​មកហើយ តែពេលនេះនាងមានឱកាស បានបើកជំនួញផ្ទាល់ខ្លួនមួយ ធ្វើឲ្យអ្នកសិល្បៈសម្ដែងការកោតសរសើរដល់រូបនាង ដែលនេះច្នៃប្រឌិតជីវិត មានមុខជំនួញ ក្រៅពីការងារសិល្បៈសព្វថ្ងៃ ទទួលបានជោគជ័យរួចទៅហើយនោះ។

ប្រិយមិត្តដែលនិយមទស្សនាការប្រគំតន្ត្រីធំៗ ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ ពិតជាធ្លាប់ឃើញក្រុមរាំដ៏មានជំនាញ ផ្នែកនារីស្រស់ស្អាតពិសេស អ្នកនាង ឆិល ពេជ្រពណ្ណរាយ ហៅស្រីពេជ្រ ដែលមានក្បាច់រាំល្អជាងគេ។ ឃើញស្នាមញញឹមរាំសប្បាយ ប៉ុន្តែបើបានមកដឹងរឿងពិតនៅពីក្រោយ ឆាកតន្ត្រីលោកអ្នកអាចក្តុកក្តួល នឹកស្មានមិនដល់។​

អ្នកនាង ឆិល ពេជ្រពណ្ណរាយ ហៅស្រីពេជ្រ បានចាប់យកមុខរបរក្នុងសិល្បៈ ផ្នែកជាអ្នករាំកំដរឆាកតាំងពីវ័យជំទង់ ដោយដំបូងឡើយនៅស្ថានីយ៍ប៉ុស្តី៍លេខ៥ រួចក៏បន្តវាយលុកទៅតាមទូរទស្សន៍ផ្សេងៗទៀត។ សព្វថ្ងៃអ្នកនាងមានសមាជិកក្រុមរាំ២០នាក់ ដោយរាំប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងអាស៊ីអាគ្នេយ៍ ហើយពេលរាត្រីធ្វើការសម្តែង ប្រចាំសណ្ឋាគារណាហ្គា បើគិតទៅជាង១០ឆ្នាំដែរ។ អ្នកនាងពុះពារច្រើន ជាមួយការរាំនៅលើឆាក ដោយសារនារីរាំលើឆាកគេមិនឲតម្លៃមើលចោលៗ និងមិនដឹងថាអ្នករាំក៏ជាផ្នែកលម្អរកម្មវិធី នៅលើឆាកឲរស់រវើកផងដែរ។

ឆិល ពេជ្រពណ្ណរាយ ដែលពេលនេះបានក្លាយជា CEO ប្រចាំក្រុមហ៊ុន «ល្អពិតពេជ្រចរណៃខូអិលធី» ដែលនាំចូលផលិតផល P​ Nice Brand ពីប្រទេសថៃទើបតែធ្វើពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៩នាសណ្ឋាគារណាហ្គាវើល បានរៀបរាប់ឲដឹងថា អ្នកនាងលំបាកយូរហើយតាំងពីបាត់បង់ លោកឪពុកមកនាងជាកូនច្បង នៃមេគ្រួសាររ៉ាប់រងគ្រប់ភារៈកិច្ចតែងតែតាំងជំហរ មិនអាចដួលបានទេ។ ឆ្លងកាត់ជាជីវិតផ្ទះជួលធ្លាប់ដេកវត្ត គឺគ្រប់រូបភាពទាំងអស់។

យ៉ាងណាមិញ ស្រីពេជ្រ មានមោទនភាពចំពោះខ្លួនឯង ដែលបានដើរមកដល់ចំណុចនេះ ហើយបំណងចង់បើកជាក្រុមហ៊ុនសម្រស់ គឺបានសម្រេច។​ ស្រីពេជ្រ ​បានរៀបការឆ្នាំ២០១៦ ជាមួយគ្រួសារអ្នកជំនួញ ដោយសព្វថ្ងៃទទួលបានចំណងដៃកូនស្រីម្នាក់។ នេះជាគម្រូមួយសម្រាប់បណ្តាយុវជនមួយចំនួនឲ្យស្គាល់ពីជីវិតតស៊ូ៕