(ភ្នំពេញ)៖ ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ កម្ពុជា-ថៃ ក្នុងគោលបំណងតែមួយគត់ ដើម្បីផ្សព្វផ្សាយ ក៏ដូចជាប្រមូលថវិកាជូនដល់មូលនិធិគន្ធបុប្ផា ដែលព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមប្រកួត រវាងក្លឹបបាល់ទាត់មួយនៅកម្ពុជា ជាមួយនឹងក្លឹបបាល់ទាត់មួយនៅប្រទេសថៃ។

លោក អ៊ិន សុភិន បានថ្លែងឲ្យដឹងថា ​គោលបំណងដែលលោករៀបចំកម្មវិធីនេះឡើង គឺដើម្បីចូលរួមចំណែកក្នុងទ្រទ្រង់ ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ នឹងធ្វើឡើងនៅកីឡាជាតិពហុដ្ឋានអូឡាំពិក ដោយក្រៅពីក្លឹបបាត់ទាត់កម្ពុជា-ថៃ ក៏មានការចូលរួមតារាសិល្បៈកម្ពុជា-ថៃ ដែលនឹងធ្វើការសម្ដែងប្រគំតន្រ្ដី ក្រោយបញ្ចប់ការប្រកួត។ ចំពោះថវិកា​ដែលប្រមូលបានពីការលក់សំបុត្រ និងអ្នកឧបត្ថម្ភមកពីបណ្ដារក្រុមហ៊ុននានា ត្រូវដាក់ចូលក្នុងមូលនិធិគន្ធបុប្ផា ហើយមិនមែនមានតែក្រុមបាល់ទាត់ Cambodia Super Star របស់មហាហង្សនោះទេ ដែលចូលប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ពោលគឺតារាគ្រប់រូប អាចចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួន នៅក្នុងមូលនិធីនេះបាន។

លោក អ៊ិន សុភិន បាននិយាយបន្តថា «ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់បំផុសបំផុលឲ្យតារាខ្មែរទាំងអស់ ចូលរួមអភិវឌ្ឃន៍វិស័យកីឡា និងចូលរួមកម្មវិធីសប្បុរសធម៌ ដើម្បីជួយដល់កុមារនៅកម្ពុជា ដែលកំពុងតែព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង៥​កន្លែង ក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា ប្រជាជនបងប្អូនខ្មែរទាំងអស់ នឹងចូលរួមគាំទ្រទស្សនាឲ្យបានច្រើនកុះករ ក៏ដូចជាលើកស្ទួយវិស័យសុខាភិបាល និងវិស័យកីឡា ផងដែរ»

ចំពោះតម្លៃលក់សំបុត្រ មានតម្លៃ​១ម៉ឺន សម្រាប់កន្លែងធម្មតា និងតម្លៃ២ម៉ឺនរៀល សម្រាប់កន្លែង VIP ដោយនឹងមានការលក់ចំនួន ១៥កន្លែង។ កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភ មូលនិធិពីថ្នាក់ដឹកនាំធំៗនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសមានការគាំទ្រ ដោយសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះមានការចូលរួមពីសំណាក់ដៃគូសហការដូចជា ម្ចាស់ផលិតកម្មមហាហង្ស, ក្រុមហ៊ុន All That Once.,LTD ,ក្រុមក្លឹបបាល់ទាត់ Once United ប្រទេសថៃ និងប្រធានក្លឹបបាល់ទាត់បឹងកេតនៅកម្ពុជា៕