(ភ្នំពេញ)៖ តារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក ចាប់តាំងពីមួយគូដណ្ដឹងមក រហូតមកទល់នឹងពេលនេះ ហាក់មិនទាន់បង្ហើបពីគម្រោងរៀបការនៅឡើយទេ ខណៈសិល្បករល្បីៗជាច្រើនបានចូលរោងការបណ្តើរៗហើយផងនោះ។ ផ្ទុយទៅវិញ ទស្សនិកជនជាច្រើនបានដាក់មន្ទិលសង្ស័យថា ប្រហែលបានរៀបការស្ងាត់រួចហើយ ឬមួយក៏យ៉ាងណា? ភ្លាមនោះ នាយ ព្រែក ក៏បានចេញមុខមកបង្ហើបប្រាប់ថា លោកមិនទាន់រៀបការនោះទេ ដោយលោកនៅរវល់កើបលុយពីសិល្បៈ និងជំនួញរបស់លោក យ៉ាងណាមិញបើសិនជាលោកមានគម្រោងថារៀបការនៅពេលណានោះ លោកក៏នឹងប្រាប់ឲ្យទស្សនិកជនគ្រប់គ្នាបានដឹង។

ទន្ទឹមគ្នានេះ តារាសម្ដែង និងជាពិធីករ នាយ ព្រែក កូនប្រុសសំណព្វចិត្តរបស់ យាយ យ៉យ បានថ្លែងប្រាប់ តាមរយៈទូរស័ព្ទថា បច្ចុប្បន្នលោក និងអនាគតភរិយា ទើបតែជាគូដណ្ដឹងនឹងគ្នា មិនទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយនោះទេ ខណៈដែលថ្ងៃរៀបការលោកមិនទាន់ហ៊ានប្រាប់ច្បាស់នោះទេ ថានឹងចូលរោងការនៅពេលណានោះ ព្រោះខ្លាចមិនដូចគម្រោង ដោយសារនៅរវល់ការងារច្រើន តែបើសិនជាមានដំណឹងថានឹងរៀបការពេលណានោះ លោកក៏ឆាប់ប្រាប់ឲ្យទស្សនិកជនបានដឹងគ្រប់គ្នាផងដែរ។

ការលើកឡើងរបស់តារាសម្តែង និងជាពិធីករសំបូរវោហារស័ព្ទនាយ ព្រែក ពេលនេះ គឺបន្ទាប់ពីថ្មីៗនេះ មានទស្សនិកជនមួយចំនួន នាំគ្នានិយាយតៗគ្នាថា នាយព្រែករៀបការស្ងាត់ៗ ទើបមកទល់នឹងពេលនេះ ស្ងាត់ដំណឹងរៀបការ។ ការលើកឡើងបែបនេះ ក៏ព្រោះតែសង្កេតឃើញថានៅអំឡុងចុងឆ្នាំ ២០១៨ ឈានចូលដល់ឆ្នាំ២០១៩ មានសិល្បករ-សិល្បៈ ល្បីៗជាច្រើននាក់ មានទាំងតារាសម្តែង និងតារាចម្រៀង បានចូលរោងការជាបណ្តើរហើយនោះ។

ងាមកនាយ ព្រែក ក៏បានបន្ថែមទៀតថា បើសិនជាលោករៀបការ កំណត់ថាថ្ងៃណាច្បាស់លាស់ លោកនឹងមិនរៀបចំជាលក្ខណៈស្ងាត់ៗ ដូចមហាជនលើកឡើងនោះទេ ព្រោះលោកក៏នឹងត្រូវការអញ្ជើញភ្ញៀវក៏ដូចជាអ្នកសិល្បៈ ដើម្បីចូលរួមក្នុងពិធីមង្គលការរបស់លោក ដូច្នេះមិនអាចស្ងាត់ឡើយ។

គួរជម្រាបថា នាយព្រែក ជាតារាកំប្លែង និងជាពិធិករមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីប្រិយមិត្តទស្សនិកជន ចាប់តាំងពីលោលប្រឡូកចូលក្នុងវិស័យសិល្បៈក្នុងវ័យកុមារភាព រហូតមកដល់បច្ចុប្បន្ន លោកក៏នៅតែមានទីផ្សារសិល្បៈខ្លាំង។ ទាំងនោះក៏ព្រោះតែ តារាប្រុសដួងនេះ មានសមត្ថភាព និងទេពកោសល្យ ទើបមានទស្សនិកជន រួមផ្សំទាំងការចេះឲ្យតម្លៃការងារ និងគោរពអ្នករួមអាជីពផងនោះ កាន់តែធ្វើឲ្យលោកមានអ្នកស្រលាញ់ និងចូលចិត្តច្រើនឡើងផងដែរ៕