(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្លឹបវិសាខា បានបញ្ចប់កិច្ចសន្យាគ្រូបង្វឹកលោក ហុក សុជីវ័ន បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង តែទន្ទឹមជាមួយគ្នា គេក៏ឃើញមានកីឡាករ និងអ្នកគាំទ្ររបស់វិសាខាជាច្រើន បាននាំគ្នាប្រតិកម្ម ចំពោះការបញ្ចប់កិច្ចសន្យាគ្រូបង្វឹកខាងលើផងដែរ ដ្បិតពួកគេចង់ឲ្យលោក ហុក សុជីវ័ន ត្រឡប់ទៅកាន់តំណែងខ្លួនវិញ។

ជាក់ស្ដែងកាលពីម្សិលមិញ កីឡាករ សារី ម៉ាត់ណូរ៉ូទីន បានសរសេរពាក្យមួយឃ្លាលើអាវខ្លួន អំឡុងពេលវិសាខា បំបាក់ក្រុមនគរបាលជាតិ ៦-០ ដោយសរសេរថា «We here Ready You Back»។ ចំពោះអត្ថន័យ ជុំវិញការសរសេរបែបនេះ ត្រូវបានសាមីខ្លួនបកស្រាយថា «ពួកខ្ញុំទាំងអស់គ្នា គឺបានត្រៀមរាល់ការប្រកួត និងចង់បានគ្រូបង្វឹក (លោក ហុក សុជីវ័ន) ត្រឡប់មកវិញ»

ម៉ាត់ណូរ៉ូទីន បន្ដថា ខ្លួន និងកីឡាករដទៃ មិនអាចទទួលយកបាន ចំពោះការចាកចេញរបស់គ្រូបង្វឹកខាងលើឡើយ ព្រោះលោក ហុក សុជីវ័ន ជាគ្រូបង្វឹកល្អ និងមានយុត្តិធម៌សម្រាប់កីឡាករម្នាក់ៗ។ អតីតកីឡាករណាហ្គាវើលរូបនេះ បន្ថែមថា «សម្រាប់ខ្ញុំ គាត់ជាមនុស្សយុត្តិធម៌ និងជាអ្នកដឹកនាំល្អម្នាក់ ដែលតែងរកភាពយុត្តិធម៌សម្រាប់កីឡាករទាំងអស់ ហើយគាត់ក៏ជាកម្លាំងចិត្តមួយដ៏ធំ សម្រាប់កីឡាករទាំងអស់ផងដែរ»

កីឡាករទើបផ្លាស់មកក្លឹបវិសាខា បានពាក់កណ្ដាលរដូវកាលរូបនេះបានបន្ថែមថា «ពួកខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ ក្រោយលឺដំណឹងអញ្ចឹង (ដំណឹងចាកចេញរបស់លោក ហុក សុជីវ័ន) ព្រោះថាភ្លាមៗពេក ហើយក៏ប៉ះពាល់ដល់អារម្មណ៍ពួកខ្ញុំជាកីឡាករដែរ ចឹងពួកខ្ញុំចង់ឲ្យគាត់ត្រឡប់មកវិញ។ និយាយរួមកីឡាករទាំងអស់ និងអ្នកគាំទ្រ ចង់បានគាត់មកវិញ មកកាន់តំណែងគាត់វិញ»

ក្រៅពីកីឡាករវ័យ ២២ឆ្នាំរូបនេះ ក៏មានកីឡាករខ្មែរ និងបរទេស រួមទាំងអ្នកគាំទ្រ បានប្រតិកម្មខ្លាំងៗ ដោយចង់ឲ្យលោក ហុក សុជីវ័ន មកដឹកនាំវិសាខាវិញផងដែរ ពិសេសនៅថ្ងៃសុក្រនេះ បន្ទាប់ពី ម៉ាត់ណូរ៉ូទីន សរសេរពាក្យ «We here Ready You Back» លើអាវអំឡុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ កាលពីម្សិលមិញ បានធ្វើអ្នកគាំទ្រយកចែកចាយបន្ដ ហើយស្នើឲ្យវិសាខាផ្ដល់ឱកាសឲ្យលោក ហុក សុជីវ័ន ត្រឡប់ទៅដឹកនាំក្រុមជាថ្មីទៀតផង។

គួរបញ្ជាក់ថា ក្លឹបវិសាខា បានប្រកាសចែកផ្លូវជាមួយលោក ហុក សុជីវ័ន កាលពីថ្ងៃទី០៣ ខែកក្កដាកន្លងទៅ ក្រោយលោកដឹកនាំក្រុមមិនសូវបានល្អក្នុងលីគកំពូលកម្ពុជា ជើងទី១ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួត ឈ្នះ៨ ស្មើ១ និងចាញ់៤ មាន ២៥ពិន្ទុ ឈរលេខរៀងទី៥ បណ្ដោះអាសន្ន។ បន្ទាប់មកក្លឹបក៏បានប្រកាសតែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb ជាគ្រូបង្វឹកបណ្ដោះអាសន្ននាពេលបច្ចុប្បន្ន៕