(ថៃ)៖ ជាដំណឹងរីករាយ សម្រាប់អ្នកគាំទ្ររបស់តារាថៃល្បីឈ្មោះ លោក Nine Nephat ព្រោះនឹងបានជួបផ្ទាល់ជាមួយអាយដលរបស់ពួកគេ ក្នុងពេលឆាប់ៗនេះ ដោយតួឯកប្រុសក្នុងរឿង «Friend Zone» រូបនេះនឹងមកកម្ពុជា ជាលើកដំបូង នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ ការបង្ហាញវត្តមាននៅកម្ពុជា ជាលើកដំបូងរបស់តារាប្រុសរូបសង្ហាររបស់ថៃ Nine Naphat ពេលនេះ កំពុងតែធ្វើឲ្យអ្នកគាំទ្រ ដែលនិយមតាមដានរឿងថៃជាច្រើនអន្ទះសារចង់ជួបផ្ទាល់។

ទាក់ទងនឹងដំណឹងនេះ បើតាមផេកផ្លូវការរបស់ស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា «តួឯកប្រុសរូបសង្ហារក្នុងខ្សែភាពយន្ត Friend Zone គឺលោក Naphat Siangsomboon ហៅ Nine Naphat នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធ «កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ Thai Film Festival 2019» នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៥ ល្ងាច នៅផ្សារទំនើប Aeon Mall សែនសុខ។ កម្មវិធីនេះរៀបចំឡើង ដោយស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំរាជធានីភ្នំពេញ»

បើតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងបន្ថែមថា កម្មវិធីនេះនឹងធ្វើការចាក់បញ្ជាំងខ្សែភាពយន្តថៃ ដ៏ល្បីទាំង៥មានរឿង «Friend Zone», រឿង «និស្ស័យស្នេហ៍អាប», រឿង «ប្រពន្ធខ្មោច», រឿង «ម៉ូតូឌុបបះសក់» និង រឿង «បងប្រុសកំពូលកូរ» ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ២៤ – ២៨ ខែ កក្កដា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើប Aeon Mall សែនសុខ និងរោងភាពយន្ត Legend ផ្សារ City Mall ដោយឥតគិតថ្លៃនៅរោងភាពយន្ត៕