(អាំស្ទើដាំ)៖ កីឡាករខ្សែបម្រើស្លាប Arjen Robben បានសម្រេចព្យួរស្បែកបាល់ទាត់នៅលើជញ្ជាំង ក្នុងវ័យ ៣៥ឆ្នាំ បន្ទាប់ពីចប់កិច្ចសន្យានៃក្លឹបចុងក្រោយ Bayern Munich របស់ប្រទេសអាល្លឺម៉ង់កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

អតីតកីឡាករនៃក្រុមជម្រើសជាតិទឹកក្រូចហូឡង់រូបនេះ បានញាំញីទៅដោយបញ្ហារបួស និងអវត្តមានជាច្រើនប្រកួត ក្នុងក្លឹប Bayern Munich ទើបញាំងឲ្យរូបគេសម្រេចចិត្តចូលនិវត្តន៍តែម្តង ក្រោយចប់កិច្ចសន្យានៅបំណាច់រដូវកាលឆ្នាំ ២០១៨-២០១៩ តែម្តង។

Arjen Robben បានឈ្នះពានជាង ៣០ជាមួយក្លឹបផ្សេងៗដែលលោកលេងឲ្យមានដូចជា ពានរង្វាន់ Bundesliga ៨ដងជាមួយ Bayern Munich រួមទាំងពានធំ UEFA Champions League កាលពីឆ្នាំ២០១៣ ផងដែរ ក្រៅពីធ្លាប់ ឈ្នះ Premier League ជាមួយក្លឹបតោខៀវ Chelsea របស់អង់គ្លេសក្នុងឆ្នាំ២០០៥ និងឆ្នាំ២០០៦ ផងដែរ។

អតីតកីឡាករនៃក្លឹប Real Madrid និង PSV ដែលជំនាញប្រើជើងឆ្វេងខាងលើនេះ បានចូលលេងឲ្យជម្រើសជាតិទឹក ក្រូចហូឡង់បាន ៩៦ប្រកួត និងជួយឲ្យក្រុមទឹកក្រូចមួយនេះរងជើងឯក World Cup ឆ្នាំ២០១០ ម្តងដែរ ក្រោយចាញ់ អេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសអាហ្រ្វិកខាងត្បូង៕