(ភ្នំពេញ)៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានលើកឡើងថា ការមកដល់របស់ កីឡាករជប៉ុន Tomohiro Masaki ពិតជាមានសារៈសំខាន់ក្នុងការបំពេញចន្លោះខ្វះខាតនាពេលកន្លងមកនៅក្របខណ្ឌ លីគកំពូលកម្ពុជា ជាពិសេសតំបន់ការពារតែម្តង។

គ្រូបង្វឹកធ្លាប់ដឹកនាំជម្រើសជាតិកម្ពុជារូបនេះពន្យល់ថា «ខាងប៉ូលិស យើងដឹងហើយថា គ្រប់ការប្រកួតតែងតែទាត់ចូលជាប្រចាំអត់ដែលអត់ទេ ហើយខាងគូប្រកួតក៏តែងតែទាត់ចូលប៉ូលិសដូចគ្នា ច្រើនជាងប៉ូលិសទាត់ចូលទៀត។ អ៊ីចឹងវត្តមានរបស់ Tomo សង្ឃឹមថា គាត់អាចជួយប្រព័ន្ធការពារយើងឲ្យប្រសើរឡើង ព្រោះខ្ញុំឃើញគុណភាពការពារគាត់ល្អ»

លោក វណ្ណារ៉ា បានទទួលស្គាល់ថា ប្រព័ន្ធការពារក្នុងក្រុមនៅមានចំណុចអវិជ្ជមានច្រើន ដោយតែងតែរបូតគ្រាប់បាល់ស្ទើរតែរាល់ការប្រកួត ហើយលើសពីចំនួនដែលក្រុមលោកទាត់ចូលទីគេទៅទៀត។ ដូច្នេះលោកសង្ឃឹមថា Tomo មានលទ្ធភាពជួយស្ដារប្រព័ន្ធការពារឲ្យល្អប្រសើរវិញបាននៅជុំទី២ សម្រាប់ ១៣ប្រកួតដែលនៅសល់ឆ្នាំនេះ។

គួរបញ្ជាក់ផងថា កីឡាករជនជាតិជប៉ុន រូបនេះបានចាកចេញពីអាស៊ីអឺរ៉ុបយូណាយធីត ជាទីរូបគេរួមចំណែកតាំងពីរដូវកាលឆ្នាំ២០១៧ ហើយក៏ធ្លាប់លេងឲ្យត្រាយអាស៊ី និងខេមបូឌានថាយហ្គឹរផងដែរ។ ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសពីការចូលរួមពីសំណាក់ខ្សែការពារ Tomohiro Masaki សម្រាប់ជុំទី២ នៃក្របខណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៩៕