(ភ្នំពេញ)៖ ក្លឹបកីឡាបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការបន្ដកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយកីឡាករឆ្នើមវ័យក្មេង ៣រូបទៀតហើយ រួមមានកីឡាករ ប្រាក់ ធីវ៉ា, យ៉ើ សាហ្វី និង សឿត បារាំង។

កីឡាករជម្រើសជាតិ ៣រូបខាងលើ ត្រូវបានអតីតក្លឹបជើងឯក ៦សម័យកាលនេះ ប្រកាសបន្ដកិច្ចសន្យារហូតដល់ឆ្នាំ២០២២ឯណោះ បន្ទាប់ពីមើលឃើញការខិតខំប្រឹងប្រែង មានសមត្ថភាព និងទេពកោសល្យរបស់ពួកគេ ក្នុងការរួមរស់ជាមួយក្លឹបអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។

គួរដឹងថា កីឡាករទាំង ៣រូបខាងលើ គឺជាកីឡាករទី៥-ទី៦ និងទី៧ ដែលភ្នំពេញក្រោន បានបន្ដកិច្ចសន្យារយៈពេលវែងដូច្នេះ បន្ទាប់ពីកីឡាករ អ៊ន ចាន់ប៉ូលីន, ជួន ចាន់ចាវ, ម៉ៅ ពិសិដ្ឋ និងអ្នកចាំទី សាវែង សំណាង ដែលត្រូវបានក្លឹបបន្ដកិច្ចសន្យារហូតដល់ឆ្នាំ២០២២ ដូចគ្នា៕