(ម៉ាឌ្រីដ)៖ ក្លឹបរបស់អេស្ប៉ាញ Atletico Madrid បានប្រកាសពីការទិញបានកីឡាករខ្សែប្រយុទ្ធ Joao Felix ក្នុងតម្លៃ ១៤២លានដុល្លារថ្លៃជាងគេឈរនៅលំដាប់ទី៥ ក្នុងពេលបច្ចុប្បន្នពីក្លឹប Benfica ដែលកំពុងលេងក្នុងលីគកំពូលនៃ ប្រទេសព័រទុយហ្គាល់។

កីឡាករដែលមានវ័យ ១៩ឆ្នាំសញ្ជាតិព័រទុយហ្គាល់រូបនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំជាមួយ Atletico Madrid ក្រោយពេលក្លឹបស្ថិតនៅទីក្រុង Madrid មួយនេះប្រកាសថា កីឡាករបារាំង ពាក់លេខ៧ Antoine Griezmann នឹងចាកចេញពីក្លឹបនៅរដូវកាលដោះដូរកីឡាករនាខែកក្កដានេះ ដែលអាចរំពឹងថា ទៅចូលរួមជាមួយ FC Barcelona ដែលជាគូប្រជែងនៅ La Liga ផងនោះក្នុងតម្លៃទិញផ្តាច់កិច្ចសន្យា ១៣៦លានដុល្លារ។

Joao Felix បានជួយឲ្យក្លឹប Benfica ឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់ក្នុងរដូវកាលដំបូងរបស់គេឆ្នាំ២០១៨-២០១៩ ក្រោយពេលក្លឹបនេះកោះហៅចូលលេងក្នុងឈុតធំកាលខែសីហា ឆ្នាំ២០១៨ កន្លងទៅ ដោយរកបាន ១៥គ្រាប់ផងដែរ ក្នុងជួយក្លឹបនេះឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Europa League ដែលបានធ្លាក់ ក្រោមថ្វីជើងរបស់ក្រុមអាល្លឺម៉ង់ Frankfurt Eintracht។

បច្ចុប្បន្ន Joao Felix បានក្លាយជាកីឡាករដែលចេញពីឈុតយុវជនមានតម្លៃខ្ពស់ឈរនៅលំដាប់ទី២ ពិភពលោក បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធដូចគ្នា Kylian Mbappe ត្រូវបាន PSG ទិញពី Monaco កាលឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ២០៣លានដុល្លារ៕