(ភ្នំពេញ)៖ លទ្ធផល ២ប្រកួត ក្នុងជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៣ កាលពីម្សិលមិញ សុទ្ធតែបានបញ្ចប់ដោយជក់ចិត្ត ខណៈក្រុមគិរីវង់បានយកឈ្នះក្រុមខ្លាំងណាហ្គាវើល ២-០ និងក្រុមក្រសួងការពារជាតិ (ទ័ព) បានវាយបកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១។

សម្រាប់ការប្រកួតក្រោមដំណក់ភ្លៀងនាកីឡដ្ឋានគិរីវង់ ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អ ដោយក្រោយប្រកួតស្មើគ្នា ០-០ ក្នុងតង់ទី១ នៅដើមតង់ទី២ ពោលគឺលេងបានត្រឹម ១នាទីប៉ុណ្ណោះ កីឡាករ ដាវ នីម បានបំប៉ោងសំណាញ់ទីក្រុមណាហ្គាវើល ១គ្រាប់ មុនកីឡាករ អ៊ិន សាវឌី បន្ថែម ១គ្រាប់ទៀត នៅនាទី៧២ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។ រីឯក្រុមណាហ្គាវើល បានត្រឹមសោកស្ដាយ ក្រោយបង្កើតឱកាសច្រើន តែគ្មានសំណាង។

ចំណែកក្រុមអាស៊ីអឺរ៉ុប និងក្រសួងការពារជាតិ ដែលប្រកួតនៅកីឡដ្ឋាន AEU Sport Park វិញ តង់ទី១ ក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប បាននាំមុខ ១គ្រាប់មុន ដែលធ្វើបានសម្រេចដោយកីឡាករ សុខ ច័ន្ទរស្មី តាំងពីនាទីទី៣។ ប៉ុន្ដែចូលតង់ទី២ ក្រសួងការពារជាតិ វាយបកបាន ៣គ្រាប់វិញ ដែលរកបានដោយកីឡាករ រ៉ឹង ប៊ុនហៀង, ភួង សុខសាណា និង អ៊ុព កាម៉ុល ធ្វើឲ្យអាស៊ីអឺរ៉ុប បានត្រឹមខកចិត្តប៉ុណ្ណោះ។

យ៉ាងណាមិញ នេះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈក្រុមនីមួយៗ សល់ឱកាសប្រកួតជើងទី២ រយៈពេល ៩០នាទីទៀត ក្នុងខណៈក្រុមការពារតំណែងជើងឯក ក្រសួងការពារជាតិ ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ក្នុងដីនាថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋានស្ដាតចាស់ និងណាហ្គាវើល ត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ដូចគ្នា ដើម្បីទទួលក្រុមគិរីវង់ ក្នុងជើងទី២ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ៕