(ក្រុងឡុងដ៍)៖ អតីតវីរបុរសនៃក្លឹបតោខៀវ Chelsea, Frank Lampard បានធ្វើដំណើរមកដល់កីឡដ្ឋាន Stamford Bridge នៅថ្ងៃពុធម្សិលមិញនេះដែលត្រូវទទួលរាក់ទាក់ដោយបុគ្គលិកនៃក្លឹបស្ថិតក្នុងទីក្រុងឡុងដ៍នេះ ដើម្បីចរចាដឹកនាំនាពេលដ៏ខ្លីខាងមុខនេះ។

បុរសសញ្ជាតិអង់គ្លេស វ័យ ៤០ឆ្នាំរូបនេះ កំពុងតែប្រកៀកក្នុងការក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ Chelsea បន្ទាប់ពី ចំណាយពេល ១ឆ្នាំដឹកនាំក្លឹប Derby County លេងក្នុងលីគទី២ អង់គ្លេស Championship ដែលធ្លាក់ក្រោមថ្វីជើង របស់ Aston Villa ក្នុងប្រជែងយកកៅអីឡើងមកលេងនៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០។

យោងតាមប្រភពពីសារព័ត៌មាន Sportmail ដែលបានចុះផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា Lampard នឹងចុះកិច្ច សន្យារយៈពេល ៣ឆ្នាំជាមួយ Chelsea ដោយទទួលបានប្រាក់ពលកម្ម ៥លានដុល្លារក្នុង ១ឆ្នាំ និងបូកទាំងប្រាក់លើក ទឹកចិត្តអាចកើនដល់ ៦.២៩លានដុល្លារផងដែរ។

Lampard ជាគ្រូបង្វឹកទី១ ដែលក្លឹបតោខៀវ Chelsea មើលឃើញ ក្រោយពេលការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអ៊ី តាលី Maurizio Sarri ទៅដឹកនាំក្លឹបសេះបង្កង់ Juventus ក្រោយពេលរូបលោក (Sarri) ដឹកនាំបាន ១រដូវកាលជួយ Chelsea បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៅ Premier League, ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រដោយចាញ់ Manchester City ក្នុងពាន League Cup ជាមួយនឹងការឈ្នះពាន UEFA Europa League ផងនោះ៕