(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច កន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើន បានធ្វើការចុះផ្សាយជាបន្តបន្ទាប់ ជុំវិញបញ្ហារបស់តារាចម្រៀងប្រុសរូបសង្ហា លោក បញ្ញាសិទ្ធ ថាមានជំពាន់លុយម្ចាស់ក្លិប​មួយកន្លែងនៅភ្នំពេញ រាប់ពាន់ដុល្លារ។ ដោយក្នុងនោះ គេឃើញមានផេកហ្វេសប៊ុកម្ចាស់ក្លិប​មួយកន្លែងនៅភ្នំពេញនោះ បង្ហោះសារឲ្យលោក បញ្ញាសិទ្ធ ចូលខ្លួនមកដោះស្រាយបំណុលផងដែរ។ តែយ៉ាងណា មកទល់នឹងបច្ចុប្បន្ន រឿងចម្រូងសម្រាសទាំងនេះ ហាក់ដោះស្រាយរួចរាល់អស់ហើយ នៅឡើយតែមានមន្ទិលសង្ស័យមួយចំនួន ដែលលោក បញ្ញាសិទ្ធ នឹងបង្ហាញប្រាប់ទស្សនិកជនឲ្យជ្រាប់កាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។​

ជាក់ស្តែង តារាប្រុសរូបសង្ហារ ទឹកមុខមានមន្តស្នេហ៍លោក បញ្ញា សិទ្ធ ត្រូវបានគេដឹងថា ទើបតែត្រឡប់មកពីប្រទេសអូស្រ្តាលីថ្មីៗនេះទេ ដើម្បីមកដោះស្រាយបញ្ហាបំណុល ដែលជំពាន់ម្ចាស់ក្លិប និងដើម្បីបន្តការងារសិល្បៈរបស់ខ្លួនដូចសព្វមួយដងវិញ។ ទោះបែបនេះក្តី អំឡុងពេលធ្វើការនៅប្រទេសអូស្ត្រាលី ជីវិតរបស់តារាប្រុសរូបនេះ​ ហាក់មិនងាយស្រួលប៉ុន្មានឡើយ ពោលគឺដឹងតែធ្វើការខំរកលុយ ដើម្បីសង់បំណុល។

យ៉ាងណាមិញ រាល់បញ្ហាផ្ទាល់ខ្លួន និងរឿងរ៉ាវចម្រូងសម្រាសនានា លោក បញ្ញា សិទ្ធ នឹងមកបកស្រាយឲ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្ស៍ Fresh News នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង នៅយប់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕