(ភ្នំពេញ)៖ លោក អ៊ិន សុភិន ជាផលិតករភាពយន្ត និងចាងហ្វាងផលិតកម្ម «មហាហង្ស» បានសម្ដែងក្ដីសង្ឃឹម​ខ្ពស់ថា ​ខ្សែភាពយន្តរឿង «ព្រលឹង»​ នឹងទទួលបានជោគជ័យពីការរំពឹងទុក ពេលដាក់បញ្ចាំងលើទីផ្សារ បន្ទាប់ពីភាពយន្តមួយនេះ ចំណាយពេលផលិតអស់រយៈពេល​១ឆ្នាំ ដោយបានសម្រិតសម្រាំងឡើង ឲ្យមានគុណភាពខ្ពស់ និងមានឈុតឆាក ភ័យរន្ធត់ញាប់ញ័រ តាំងពីដើមរហូតដល់ចប់។

លោក អ៊ិន សុភិន បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ភាពយន្តរឿង «ព្រលឹង» ត្រូវបានផលិតមួយឆ្នាំ ទម្រាំបានបញ្ចាំង ដោយ​រំពឹង​ថាភាពយន្តនេះ នឹងទទួលជោគជ័យ មិនខុសពីរឿង «ផ្ទះចុងភូមិ» ព្រោះលោកសម្អាងថា ជារឿងមានរូបភាពភ្លឺច្បាស់ សំឡេងស្ដង់ដារ និងមានគុណភាពេញលក្ខណៈជាភាពយន្ត ហើយឈុតឆាករន្ធត់តាំងពីដើមដល់ចប់ គឺទាក់ចិត្ត។ លោកបន្តថា មួយរឿងនេះ លោកស្រឡាញ់ពេញចិត្តគ្រប់ជំហាន ពោលគឺតាំងពីដំណាក់កាលចេញផលិត ទើបក្នុងពេលប្រកាសសម្ពោធ លោកធ្វើធំដុំ ដោយបានទាំងជូនស្រោមសំបុត្រដល់តារាមួយរូបៗ ដែលជាតួអង្គសម្ដែង អមដោយបាច់ផ្កា ដើម្បីលើកទឹកចិត្តផងដែរ។

ដោយឡែក ក្នុងកម្មវិធីបើកសម្ពោធខ្សែភាពយន្ត​រឿង «ព្រលឹង» គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកសិល្បៈ ទាំងក្នុងនិងក្រៅផលិតកម្ម។ មួយវិញទៀត មានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសអោយតួសម្ដែងនីមួយៗ ដើរលើកម្រាលព្រំ និងឡើងថ្លែងអារម្មណ៍យ៉ាងមានកិត្តិយស នៅក្នុងពិធី។

គួរជម្រាប​ថា កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ផលិតកម្មមហាហង្ស បានប្រកាសសម្ពោធ ដាក់បញ្ចាំងជាផ្លូវការខ្សែភាពយន្តរបស់ខ្លួនគឺរឿង «ព្រលឹង» ដែលជាស្នាដៃទី២ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីរឿង «ផ្ទះចុងភូមិ» យ៉ាងអធឹកអធម បន្ទាប់ពីខ្សែភាពយន្តរឿង «ព្រលឹង» មួយនេះចំណាយពេលថតអស់រយៈពេលមួយឆ្នាំ ខណៈដែលម្ចាស់ផលិតកម្ម មានក្ដីសង្ឃឹម ក៏ដូចជាជឿជាក់យ៉ាងមុតមាំថា ភាពយន្តថ្មីរបស់ខ្លួន​ នឹងទទួលបានជោគជ័យលើសពីការរំពឹងទុក។ រឿង «ព្រលឹង» នឹងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត នៅថ្ងៃទី៤ កក្កដា នេះ នៅគ្រប់រោងភាពយន្តទំនើបនានា៕