(ប៉ារីស)៖ អ្នកជិះកង់ប្រមាណជិត ១ពាន់នាក់បានចូលរួមក្នុងការប្រកួតជិះកង់នៅកន្លែងកម្សាន្ត Les Deux Alpes (ឡេ ឌឺ ហ្សាពស៍) ប្រទេសបារាំង ដែលស្ថិតនៅលើភ្នំទឹកកក ហើយត្រូវបានគេមើលឃើញថា អ្នកជិះកង់មួយចំនួន បានជិះដួលនៅចំណុចចាប់ផ្ដើមនៃខ្សែបន្ទាត់ដំបូងនៅរយៈកម្ពស់ ៣៤០០ម៉ែត្រ បើធៀបនឹងនីវ៉ូទឹកសមុទ្រ។

ការប្រកួតនេះ អ្នកមកដល់ទីដែលគេកំណត់មុនគេ នឹងទទួលបានជ័យជម្នះតែម្តង។

Mountain of Hell គឺជាការប្រកួតប្រជែងជិះកង់នៅលើជម្រាលភ្នំក្នុងប្រទេសបារាំង ហើយអ្នកជិះកង់ បានជិះចុះពីលើជម្រាលភ្នំចុះមកក្រោម។ ចំណុចសំខាន់នៅក្នុងព្រឹត្តិការណ៍នេះ គឺការជិះកង់ចុះពីលើកំពូលភ្នំទឹកកក ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ។

អ្នកជំនាញជិះកង់នៅលើភ្នំ ត្រូវតែឆ្លងកាត់ភ្នំជាច្រើន ជិះនៅលើព្រិល ជិះនៅលើផ្ទាំងថ្មរដិបរដុប និង ជួបឧបសគ្គជាច្រើនទៀតផងដែរ៕