(ភ្នំពេញ)៖ ការប្រកួតជុំទី១ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩ បានបញ្ចប់ត្រឹមសប្តាហ៍ទី១៣ ដោយក្នុងនោះ ក្រុមបាល់ទាត់បឹងកេត បានស្ថិតនៅលេខរៀងទី៤ ក្នុងតារាងពិន្ទុ ពីការប្រកួតឈ្នះ៨ ស្មើ២ និងចាញ់៣ មាន ២៦ពិន្ទុ។

សម្រាប់ការប្រកួតទាំង ១៣សប្តាហ៍នៃជើងទី១នេះ លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹកក្រុមបឹងកេតបានបង្ហាញចំណាប់អារម្មណ៍ប្រាប់ក្រុមការងារថា «ស្ថិតនៅចំណាត់ថ្នាក់នេះ គឺវាមិនដូចទៅនឹងអ្វីដែលយើងរំពឹងទុក និងធ្លាប់ទទួលបានក្នុងរដូវកាលមុនៗទេ ហើយអ្វីដែលអាក្រក់បំផុតសម្រាប់យើងក្នុងជុំទី១ នេះ យើងតែងតែរបូតគ្រាប់បាល់ក្នុងការប្រកួតដែលយើងគិតថា នឹងទទួលបាន ៣ពិន្ទុ»

អ្វីដែលសំខាន់ផងនោះ គ្រាដែលទីផ្សារដោះដូរកីឡាករកំពុងដំណើរការសម្រាប់ពាក់កណ្តាលរដូវកាលនេះ លោក សុជាតិ ក៏បានជម្រាបផងដែរថា នឹងមានការផ្លាស់ប្តូរកីឡាករមួយចំនួន ទាំងបរទេស និងខ្មែរ ពោលគឺតំបន់បម្រើ និងប្រយុទ្ធ។

គ្រូបង្វឹកជនជាតិកម្ពុជារូបនេះបានមើលឃើញអំពីចំណុចខ្វះខាតនៅតំបន់ប្រយុទ្ធដែលបានបញ្ជាក់ថា «១៣ប្រកួតកន្លងមក កីឡាករប្រយុទ្ធរបស់យើង មិនសូវរកគ្រាប់បាល់បានច្រើននោះទេ ហើយក៏ដូចជាតំបន់ការពារ ដែលយើងត្រូវពង្រឹងឲ្យបានល្អជាងនេះ»

សូមបញ្ជាក់ផងដែរថា ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា បឹងកេតនឹងត្រូវជួបក្រុមភ្នំពេញក្រោន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩៕