(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានប្រកាសបញ្ចប់កិច្ចសន្យាលោក ហុក សុជីវ័ន ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីលោកដឹកនាំក្រុមឈរចំណាត់ថ្នាក់លេខ៥ បណ្ដោះអាសន្ន ក្នុងជុំទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

វិសាខា បានជូនដំណឹងលើផេករបស់ក្លឹបថា «សូមជម្រាបជូនដល់អ្នកគាំទ្រ និងសាធារណជនទាំងអស់ឲ្យបានជ្រាបជាដំណឹងថា ក្លឹបបានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្វឹក ហុក សុជីវ័ន ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ»

ក្លឹបបានបន្តថា «ក្លឹបបាល់ទាត់វិសាខា សូមអរគុណលោកគ្រូ ចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ ការបង្វឹក បង្ហាត់ បង្រៀនដល់កីឡាករទាំងអស់ ក្នុងក្លឹបកន្លងមក និងសូមជូនពរដល់លោកគ្រូ ឲ្យទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចក្នុងថ្ងៃខាងមុខ»

យ៉ាងណាមិញការបញ្ចប់កិច្ចសន្យាគ្រូបង្វឹកភ្លាមៗ ក្រោយចប់ជុំទី១ នេះ មិនត្រូវបានក្លឹបបញ្ជាក់ពីមូលហេតុនោះទេ។ មុនចាកចេញលោក ហុក សុជីវ័ន បានដឹកនាំវិសាខាចំនួន ១៣ប្រកួត ឈ្នះ៨ ស្មើ១ និងចាញ់៤ មាន ២៥ពិន្ទុឈរលេខរៀងទី៥ បណ្ដោះអាសន្ន ខណៈកាលពីឆ្នាំ២០១៨ លោកបានដឹកនាំក្រុមនេះ ទទួលបានចំណាត់ថ្នាក់លេខ៣ នៃលីគផងដែរ៕